វិបស្សនា
បង្រៀនដោយលោក ស.ន. ហ្គោឥនកា
កម្មដ្ឋាន
តាមប្រពៃណីរបស់លោក សាយាគ្យី អ៊ូបាឃិន
សេចក្ដីណែនាំអំពីបច្ចេកទេស
វិបស្សនា ជាបច្ចេកទេសកម្មដ្ឋានមួយក្នុងចំណោមបច្ចេកទេសកម្មដ្ឋានចាស់ជាងគេបំផុតនៃប្រទេសឥណ្ឌា។ មនុស្សជាតិបានបាត់បង់បច្ចេកទេសនេះជាយូរឣង្វែងណាស់មកហើយ តែព្រះគោតមសម្មាសម្ពុទ្ធបានរកឃើញឡើងវិញកាលពីជាង 2500 ឆ្នាំមុននេះ។ ពាក្យ វិបស្សនា មានន័យថា ឃើញរបស់ផងទាំងពួងតាមភាពពិត។ វាគឺជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ដោយខ្លួនឯង ដោយការពិនិត្យមើលខ្លួនឯង។ ជាដំបូង គេចាប់ពិនិត្យមើលដង្ហើមធម្មជាតិ ដើម្បីផ្ចង់ចិត្តឲ្យមូល។ ដោយមានសតិដឹងយ៉ាងមុតនេះ គេពិនិត្យមើលធម្មជាតិផ្លាស់ប្តូររបស់កាយ និង ចិត្ត ហើយពិសោធឃើញសេចក្តីពិតសាកលនៃ ឣនិច្ចំ, ទុក្ខំ និង ឣនត្តា។ ការសម្រេចនូវសេចក្តីពិតដោយសារការពិសោធផ្ទាល់នេះជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់។ មាគ៌ាទាំងមូល (ធម៌) ជាឱសថសាកលសម្រាប់ដោះស្រាយបញ្ហាសាកល ហើយគ្មានឣ្វីជាប់ទាក់ទងជាមួយនឹងសាសនា ឬ និកាយណាមួយឡើយ។ ដោយហេតុនេះ បច្ចេកទេសនេះឣាចយកមកបដិបត្តិបានជាទូទៅ ដោយសេរី នៅគ្រប់ទីកន្លែង គ្រប់ពេល ដោយគ្មានឣ្វីទាស់ខុសជាមួយពូជសាសន៍, វណ្ណ:, សាសនាណាមួយឡើយ ហើយទទួលប្រយោជន៍ល្អប្រសើរដូចគ្នាជាទូទៅ។
តើឣ្វីទៅដែលមិនមែនជាវិបស្សនា៖
- វិបស្សនា មិនមែនជាពិធីបុណ្យ ឬ ពិធីសាសនាដែលមានជំនឿងងឹតងងល់ជាមូលដ្ឋានឡើយ។
- វិបស្សនា មិនមែនជាល្បែងកំសាន្តខាងប្រាជ្ញាឈ្លាសវៃ ឬជាទស្សនវិជ្ជាទេ។
- វិបស្សនា មិនមែនជាពេលសម្រាកសម្រាប់ព្យាបាលជំងឺ, មិនមែនជាថ្ងៃឈប់បុណ្យ ឬជាឱកាសល្អណាមួយដើម្បីឲ្យមនុស្សក្នុងសង្គមប្រាស្រ័យទាក់ទងគ្នាដោយប្រការណាមួយឡើយ។
- វិបស្សនា មិនមែនជាការគេចវេះឲ្យផុតពីបញ្ហា, ពីទុក្ខព្រួយនៃការរស់នៅរាល់ថ្ងៃទេ។
តើឣ្វីទៅជាវិបស្សនា៖
- វិបស្សនា ជាបច្ចេកទេសមួយដើម្បីគាស់រំលើងទុក្ខឲ្យដាច់ឫសគល់។
- វិបស្សនា ជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ ដែលនាំមនុស្សឲ្យចេះប្រឈមមុខចំពោះភាពតានតឹង និង បញ្ហាជីវិតទាំងឡាយ ប្រកបដោយចិត្តស្ងប់ស្ងៀម និង មានលំនឹង។
- វិបស្សនា ជារបៀបរស់នៅ ដែលនាំមនុស្សឲ្យធ្វើវិភាគទានជាកុសលចំពោះសង្គម។
វិបស្សនាកម្មដ្ឋានមានគោលបំណងឆ្ពោះទៅរកគោលដៅផ្លូវចិត្តយ៉ាងខ្ពស់បំផុតនៃការរំដោះទុក្ខ និង ការត្រាស់ដឹងពេញបរិបូណ៌។ គោលដៅរបស់វិបស្សនាគឺមិនមែនសម្រាប់ព្យាបាលជំងឺផ្លូវកាយឲ្យបានជាសះស្បើយទេ។ ប៉ុន្តែដោយសារលទ្ធផលបន្ទាប់បន្សំដែលកើតមកពីការធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ នុ៎ះមានជំងឺផ្លូវចិត្ត និង ផ្លូវកាយជាច្រើនណាស់ដែលបានជាសះស្បើយដាច់ឫសគល់ឣស់។ តាមការពិត វិបស្សនា គឺប្រាកដជារំលាយហេតុបីយ៉ាងនៃសេចក្តីទុក្ខទាំងឣស់បាន ពោលគឺ៖ លោភ: ទោស: និង មោហ:។ ដោយសារការបដិបត្តិយ៉ាងជាប់ជានិច្ច សមាធិនឹងជួយបន្ធូរបន្ថយភាពតានតឹងដែលចេះតែមាននៅក្នុងការរស់នៅរាល់ថ្ងៃ ហើយជួយស្រាយចំណងដែលកើតឡើងដោយសារទម្លាប់ចាស់ដែលចេះតែនាំចិត្តឲ្យធ្វើប្រតិកម្មតបនឹងស្ថានភាពជាទីរីករាយ និង ជាទីមិនរីករាយ។
ទោះបីវិបស្សនាកម្មដ្ឋាននេះជាបច្ចេកទេសដែលកើតចម្រើនឡើងដោយសារព្រះសម្មាសម្ពុទ្ធក៏ដោយ ក៏ការបដិបត្តិបច្ចេកទេសនេះមិនមែនកម្រិតទុកត្រឹមតែឣ្នកកាន់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ។ ជាដាច់ខាតឥតមានរឿងផ្លាស់ប្តូរសាសនាឡើយ។ មនុស្សទាំងឣស់មានបញ្ហាចោទឡើងដូចគ្នា ដូច្នេះបច្ចេកទេសដែលដោះស្រាយបញ្ហាទាំងឣស់នេះ ក៏ឣាចយកមកឣនុវត្តបានជាសាកលទូទៅដូចគ្នាដែរ។ មនុស្សឣ្នកកាន់សាសនាដទៃទៀតជាច្រើនបានទទួលប្រយោជន៍ដែលកើតមកពីការបដិបត្តិវិបស្សនាកម្មដ្ឋាននេះ ហើយបានពិនិត្យឃើញថាគ្មានឣ្វីទាស់ខុសជាមួយនឹងជំនឿសាសនារបស់គេឡើយ។
ការចម្រើនកម្មដ្ឋាន និង វិន័យសម្រាប់ខ្លួនឯង
វិធីធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ដោយខ្លួនឯងដោយពិនិត្យមើលក្នុងខ្លួនឯងគឺពិតជាមិនមែនងាយស្រួលឡើយ។ សិស្សត្រូវតែខំប្រឹងធ្វើការនេះដោយតឹងរឹងណាស់។ ដោយសារតែការខំប្រឹងប្រែងធ្វើការផ្ទាល់ខ្លួន ទើបសិស្សឣាចទៅដល់សេចក្តីសម្រេចរបស់ខ្លួនឯងបាន គ្មាននរណាឣាចធ្វើការនេះជំនួសខ្លួនឯងបានឡើយ។ ដោយហេតុនេះ ការចម្រើនកម្មដ្ឋាននឹងមានភាពសមរម្យចំពោះឣ្នកដែលពិតជាចង់ធ្វើការដោយប្រាកដប្រជា ហើយសុខចិត្តទទួលគោរពតាមវិន័យដែលជាច្បាប់មួយធ្វើឡើងដើម្បីជាប្រយោជន៍ និង ដើម្បីជាកិច្ចការពារខ្លួនឯងផ្ទាល់តែប៉ុណ្ណោះ។ វិន័យ និង បទបញ្ជា ត្រូវចាត់ទុកជាផ្នែកមួយទាំងស្រុងនៃបច្ចេកទេសចម្រើនកម្មដ្ឋាននេះ។
ដប់ថ្ងៃគឺពិតជាខ្លីណាស់ដើម្បីនាំចិត្តឲ្យចូលទៅដល់ថ្នាក់ទីជម្រៅ និង ដើម្បីរៀនគាស់រំលើងភាពស្មុគ្រស្មាញដែលកប់នៅក្នុងនោះឲ្យដាច់ឫសគល់។ ការបដិបត្តិឲ្យបានជាប់ជានិច្ចនៅកន្លែងដែលដាច់ឆ្ងាយពីគេតែឯកឯង ជាគន្លឹះសំខាន់នៃជោគជ័យរបស់បច្ចេកទេសនេះ។ វិន័យ និង បទបញ្ជាបានតាក់តែងឡើងដោយយោងទៅលើការបដិបត្តិ។ វិន័យ និង បទបញ្ជានេះមិនមែនធ្វើឡើងដើម្បីជាប្រយោជន៍ដល់គ្រូ ឬ ក្រុមឣ្នកចាត់ការឡើយ មិនមែនដើម្បីសម្តែងគំនិតប្រពៃណីឥតប្រយោជន៍ មិនមែនជាច្បាប់សាសនា ឬ ជំនឿងងឹតងងល់ទៅលើសាសនាខ្លះនុ៎ះទេ។ ផ្ទុយទៅវិញ វិន័យ និង បទបញ្ជានេះមានមូលដ្ឋានចេញមកពីការពិសោធរបស់ឣ្នកបដិបត្តិធម៌រាប់ពាន់នាក់ដែលបានប្រព្រឹត្តធ្វើជាយូរឆ្នាំមកហើយ និង ជាច្បាប់ដែលស្របតាមផ្លូវវិទ្យាសាស្ត្រផង តាមផ្លូវវិចារណញ្ញាណផង។ ការចេះប្រកាន់វិន័យជាការជួយបង្កើតបរិយាកាសល្អសមគួរដល់ការចម្រើនធម៌ រីឯការប្រព្រឹត្តបទល្មើសនឹងវិន័យវិញគឺជាការធ្វើឲ្យសៅហ្មងដល់ការចម្រើនកម្មដ្ឋាននេះ។
សិស្សទាំងឡាយត្រូវស្ថិតនៅក្នុងមជ្ឈមណ្ឌលឲ្យបានគ្រប់ដប់ថ្ងៃពេញបរិបូណ៌។ ក្រៅពីនេះ សិស្សត្រូវតែឣាន ហើយត្រូវតែគោរពធ្វើតាមវិន័យផ្សេងៗទៀតដោយហ្មត់ចត់។ មានតែឣ្នកដែលយល់ឃើញថាឣាចគោរពតាមវិន័យនេះបានដោយសុទ្ធចិត្ត និង ដោយហ្មត់ចត់ទេ ទើបគួរដាក់ពាក្យសុំចូលរៀន។ ចំពោះឣ្នកដែលមិនទាន់បានរៀបចំខ្លួនដើម្បីចូលរៀន និង បដិបត្តិឲ្យឣស់ពីចិត្តទេ ការណ៍នេះគឺគ្រាន់តែនាំឲ្យខាតពេលរបស់ខ្លួនតែប៉ុណ្ណោះ ហើយថែមទាំងរំខានដល់ឣ្នកឯទៀតដែលចង់បដិបត្តិដោយហ្មត់ចត់ទៀតផង។ សិស្សដែលបម្រុងចូលរៀនត្រូវយល់ថាការចាកចេញមុនពេលចប់ធម្មសិក្យាដោយឃើញថា ច្បាប់វិន័យតឹងតែងពេក ជាការនាំឲ្យខាតប្រយោជន៍ខ្លាំងណាស់ ហើយជាការមួយដែលគេមិនគួរធ្វើទៀតផង។ ដូចគ្នានេះដែរ ជាការមួយគួរឲ្យសោកស្តាយណាស់ បើសិនជាមានសិស្សណាម្នាក់មិនគោរពតាមបទបញ្ជា ទោះបីគេបានរំលឹកជាញឹកញយហើយក៏ដោយ នឹងត្រូវបានគេបណ្តេញចេញពីវគ្គសិក្សា។
មនុស្សមានវិបត្តិផ្លូវចិត្តខ្លាំង
ដោយមានបំណងចង់បន្ធូរបន្ថយបញ្ហាផ្លូវចិត្ត ជួនកាលមនុស្សដែលមានវិបត្តិផ្លូវចិត្តខ្លាំងបានចូលរួមក្នុងវគ្គសិក្សាវិបស្សនា ដោយសង្ឃឹមថា បច្ចេកទេសនេះឣាចធ្វើឲ្យបញ្ហាផ្លូវចិត្តបានជាសះស្បើយ ឬ បានធូរស្រាល។ មនុស្សដែលមានទំនាក់ទំនងគ្មានលំនឹង ឬ ស្ថិរភាពជាមួយឣ្នកដទៃ ហើយធ្លាប់មានប្រវត្តិទទួលការព្យាបាលជាច្រើន អាចជាកត្តាបន្ថែមដែលធ្វើឲ្យគេពិបាកនឹងទទួលប្រយោជន៍ពីការចូលរួមវគ្គសិក្សា 10 ថ្ងៃនេះ ឬមួយសូម្បីតែធ្វើវគ្គសិក្សាឲ្យចប់សព្វគ្រប់ក៏មិនបានផង។ ក្នុងឋាន:ជាឣង្គការស្ម័គ្រចិត្ត ដែលមិនមែនជាឣង្គការវិជ្ជាជីវ: យើងមិនឣាចព្យាបាលមនុស្សបែបនេះឲ្យបានត្រឹមត្រូវឡើយ។ ថ្វីបើវិបស្សនាមានប្រយោជន៍បំផុតចំពោះមនុស្សភាគច្រើនក៏ដោយ ក៏ប៉ុន្តែវិបស្សនាមិនមែនសម្រាប់ជំនួសការព្យាបាលរោគតាមក្បួនពេទ្យ ឬ ក្បួនចិត្តសាស្ត្រទេ ហើយយើងមិនផ្តល់យោបល់ឲ្យមនុស្សដែលមានវិបត្តិផ្លូវចិត្តខ្លាំងចូលមកចម្រើនវិបស្សនាកម្មដ្ឋានឡើយ។
ច្បាប់វិន័យ
មូលដ្ឋាននៃការបដិបត្តិវិបស្សនាគឺ សីល — ធម្មចរិយា។ សីល បង្កើតមូលដ្ឋានសម្រាប់ចម្រើន សមាធិ — ការធ្វើចិត្តឲ្យមូល ហើយការធ្វើចិត្តឲ្យបរិសុទ្ធផូរផង់នឹងសម្រេចឡើងបានដោយសារ បញ្ញា — គតិបណ្ឌិតនៃការយល់ច្បាស់អំពីភាពពិត។
សិក្ខាបទ
ក្នុងរយ:ពេលវគ្គសិក្សា ឣ្នកដែលចូលរួមធ្វើវិបស្សនាទាំងឣស់ត្រូវទទួលគោរពសិក្ខាបទទាំងប្រាំដោយម៉ឺងម៉ាត់ដូចតទៅនេះ៖
- វៀរចាកការសម្លាប់សត្វ;
- វៀរចាកការលួចទ្រព្យគេ;
- វៀរចាកសកម្មភាពផ្លូវភេទគ្រប់បែបយ៉ាង (មានន័យថាគេត្រូវស្ថិតនៅក្នុងភាពជាមនុស្សលីវក្នុងមជ្ឈមណ្ឌលវគ្គសិក្សា);
- វៀរចាកការពោលពាក្យកុហក;
- វៀរចាកការប្រើប្រាស់នូវគ្រឿងស្រវឹង និង គ្រឿងញៀនគ្រប់បែបយ៉ាង។
មានសិក្ខាបទបីថែមទៀតដែលសិស្សចាស់ (គឺសិស្សទាំងឡាយណាដែលបានបំពេញវគ្គសិក្សាចប់សព្វគ្រប់ម្តងរួចហើយជាមួយលោក ស.ន. ហ្គោឥនកា ឬ គ្រូជំនួយ) ត្រូវគោរពគឺ៖
- វៀរចាកការបរិភោគឣាហារក្រោយពេលថ្ងៃត្រង់;
- វៀរចាកការរាំច្រៀង, ការប្រគំដូរ្យតន្ត្រី និង ការតាក់តែងលំអកាយដោយផ្កាកម្រង និង គ្រឿងក្រឣូបផ្សេងៗ;
- វៀរចាកការប្រើទីសេនាសនៈខ្ពស់ហួសប្រមាណ ហើយល្អឆើតឆាយ។
សិស្សចាស់ត្រូវគោរពសិក្ខាបទទី 6 ដោយទទួលទានតែទឹកតែ ឥតមានទឹកដោះគោ ឬ ទឹកផ្លែឈើ នៅពេលសម្រាកម៉ោង 5 ល្ងាច។ ចំណែកសិស្សថ្មីឣាចទទួលទានទឹកតែជាមួយទឹកដោះគោ និង ផ្លែឈើខ្លះបាន។ គ្រូឣាចឣនុញ្ញាតឲ្យសិស្សចាស់ដែលមានសុខភាពមិនល្អមិនឲ្យកាន់សិក្ខាបទទី 6 បាន។ ចំពោះសិក្ខាបទទី 7 និង ទី 8 សិស្សចាស់ទាំងឣស់គ្នាត្រូវតែគោរព។
ការយល់ព្រមទទួលគ្រូ និង បច្ចេកទេសកម្មដ្ឋាន
ក្នុងរយ:ពេលវគ្គសិក្សា សិស្សត្រូវទទួលធ្វើតាមបទបញ្ជា និង ការណែនាំរបស់គ្រូទាំងស្រុង។ គឺសិស្សត្រូវទទួលធ្វើតាមច្បាប់វិន័យ ហើយចម្រើនកម្មដ្ឋានតាមបញ្ជាទាំងស្រុងរបស់គ្រូ ដោយមិនបន្ថែម ឬ បន្ថយឣ្វីឡើយ។ ការទទួលធ្វើតាមនេះគឺធ្វើដោយមានការយល់ត្រឹមត្រូវ និង ច្បាស់លាស់ ដែលមិនមែនធ្វើដោយការចុះចូលងងឹតងងល់ទេ។ លុះត្រាតែមានសេចក្តីទុកចិត្តបែបនេះ ទើបសិស្សឣាចធ្វើការដោយយកចិត្តទុកដាក់ និង ដោយហ្មត់ចត់បាន។ ការជឿទុកចិត្តលើគ្រូ និង លើបច្ចេកទេសកម្មដ្ឋាននេះ ជាការចាំបាច់ដើម្បីឲ្យបានជោគជ័យក្នុងការចម្រើនកម្មដ្ឋាន។
បច្ចេកទេសកម្មដ្ឋាន និង ពិធីបុណ្យ ពិធីសាសនាដទៃ
ក្នុងរយ:ពេលវគ្គសិក្សានេះ ការចាំបាច់ដាច់ខាតគឺត្រូវបញ្ឈប់ការសូត្រធម៌បន់ស្រន់ ឬ ការប្រារឰពិធីបុណ្យ ពិធីសាសនាទាំងឣស់សិន ដូចជាការឣត់ឣាហារ, ការដុតធូបទៀន, ការដុតប្រទីប, ការរាប់ផ្គាំ, ការសូត្រមន្តឣាគម, ការបន់ស្រន់, ការរាំច្រៀង ជាដើម។ បច្ចេកទេសកម្មដ្ឋានដទៃ និង បច្ចេកទេសព្យាបាលជំងឺទាំងឣស់ក៏ត្រូវបញ្ឈប់ទុកមួយឣន្លើសិនដែរ។ នេះមិនមែនជាការដាក់ទោសទៅលើបច្ចេកទេស និង ការប្រារឰពិធីទាំងឣស់នោះទេ ប៉ុន្តែគឺដើម្បីសាកល្បងបច្ចេកទេសវិបស្សនានេះឲ្យបានសមរម្យតាមភាពបរិសុទ្ធ។
យើងសូមទូន្មានយ៉ាងខ្លាំងចំពោះសិស្សទាំងឡាយថា ការយកបច្ចេកទេសវិបស្សនានេះទៅលាយឡំដោយចេតនាជាមួយនឹងបច្ចេកទេសឯទៀត គឺមិនមែនគ្រាន់តែជាឧបសគ្គដល់ការរីកចម្រើនរបស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែវាឣាចជាការដើរថយក្រោយទៀតផង។ ទោះបីមានការព្រមានជាញឹកញយពីគ្រូក៏ដោយ ក៏នៅតែមានហេតុការណ៍ខ្លះៗក្នុងឣតីតកាលដោយមានសិស្សខ្លះបានយកបច្ចេកទេសនេះទៅលាយឡំដោយចេតនាជាមួយនឹងបច្ចេកទេសបដិបត្តិផ្សេងទៀត ហើយបានធ្វើឲ្យខ្លួនឯងរងទុក្ខយ៉ាងខ្លាំង។ បើមានការសង្ស័យ ឬ ការច្របូកច្របល់បែបណាមួយកើតឡើង សិស្សឣាចទៅជួបគ្រូជាដរាបដើម្បីសុំការពន្យល់ឲ្យបានច្បាស់លាស់។
ការជួបសម្ភាសន៍ជាមួយគ្រូ
ពីម៉ោង 12 ថ្ងៃត្រង់ ទៅម៉ោង 1 រសៀល សិស្សឣាចធ្វើសម្ភាសន៍ផ្ទាល់ជាមួយគ្រូបាន។ គេក៏ឣាចសួរគ្រូជាសាធារណ:បានដែរពីម៉ោង 9 ទៅម៉ោង 9 កន្លះយប់ នៅធម្មសាល។ សេចក្តីសម្ភាសន៍ និង សំណួរគឺសម្រាប់បំភ្លឺឣំពីបច្ចេកទេស និង បញ្ហាទាំងឡាយដែលកើតឡើងឣំពីការស្តាប់ធម្មទេសនាពេលល្ងាច។
ឣរិយស្ងាត់
សិស្សទាំងឣស់ត្រូវតែគោរពឣរិយស្ងាត់ តាំងពីពេលចាប់ផ្តើមវគ្គសិក្សា រហូតដល់ពេលព្រឹកថ្ងៃចុងក្រោយបង្អស់នៃថ្ងៃចម្រើនកម្មដ្ឋាន។ ឣរិយស្ងាត់គឺការស្ងៀមស្ងាត់តាមផ្លូវកាយ វាចា និង ចិត្ត។ ការទាក់ទងគ្រប់បែបយ៉ាងជាមួយសិស្សផងគ្នា ត្រូវហាមឃាត់ទាំងកាយវិការ ទាំងកំណត់សរសេរ និង ទាំងសញ្ញា ជាភាសានិយាយ៘
ប៉ុន្តែសិស្សឣាចនិយាយជាមួយគ្រូបាន នៅពេលណាដែលមានការចាំបាច់។ សិស្សឣាចទាក់ទងជាមួយនឹងឣ្នកគ្រប់គ្រងបានដែរ ឣំពីបញ្ហាដែលទាក់ទងនឹងម្ហូបឣាហារ, ការស្នាក់ឣាស្រ័យ, សុខភាព៘ ប៉ុន្តែចំពោះការទាក់ទងនេះ គេត្រូវតែធ្វើឲ្យបានយ៉ាងតិចបំផុត។ សិស្សត្រូវតែបណ្តុះចិត្តឲ្យមានឣារម្មណ៍ចេះគិតថាខ្លួននៅចម្រើនកម្មដ្ឋាននេះដាច់ពីគេតែម្នាក់ឯង។
ការបំបែកភេទប្រុស និង ស្រី
ការបំបែកភេទប្រុសស្រីឲ្យនៅដាច់ពីគ្នាត្រូវតែគោរព។ ក្នុងអំឡុងវគ្គសិក្សានេះ ប្តីប្រពន្ធ ឬ គូប្រុសស្រីមិនត្រូវប្រាស្រ័យទាក់ទងគ្នាដោយប្រការណាមួយឡើយ។ មិត្តភក្តិ សមាជិកនៃគ្រួសារ ជាដើម ក៏ត្រូវគោរពតាមបទបញ្ជានេះដែរ។
ការប៉ះពាល់កាយ
ជាការសំខាន់ណាស់ មិនត្រូវឲ្យមានការប៉ះពាល់គ្នាដោយកាយឡើយ ទោះបីរវាងមនុស្សដែលមានភេទដូចគ្នាក៏ដោយ រហូតដល់ពេលផុតកំណត់វគ្គសិក្សានេះ។
បច្ចេកទេសយោគៈ និង ការហាត់ប្រាណ
ទោះបីបច្ចេកទេសយោគៈ និង ការហាត់ប្រាណដទៃទៀតមានភាពចុះសម្រុងគ្នាជាមួយវិបស្សនាក៏ដោយ ក៏ក្នុងរយ:ពេលវគ្គសិក្សា គេត្រូវតែផ្អាកការហាត់ទាំងឣស់នេះមួយឣន្លើសិនដែរ ពីព្រោះនៅទីនេះ គេគ្មានកន្លែងសមរម្យដាច់ដោយឡែកសម្រាប់ធ្វើការហាត់ទាំងឣស់នោះទេ។ ការរត់ត្រឹកៗក៏មិនត្រូវបានអនុញ្ញាតឲ្យដែរ។ សិស្សទាំងឡាយឣាចដើរហាត់ប្រាណនៅកន្លែងដែលគេបានកម្រិតទុកឲ្យធ្វើសម្រាប់សិស្សប្រុសស្រី នៅអំឡុងពេលសម្រាក។
វត្ថុសាសនា សៀវភៅសូត្របន់ស្រន់ កែវមន្ត វត្ថុសក្តិសិទ្ធិ ជាដើម
គេមិនត្រូវយកវត្ថុបែបនេះចូលក្នុងមជ្ឈមណ្ឌលកម្មដ្ឋានទេ។ បើសិនជាយកចូលមកដោយចៃដន្យ គេត្រូវតែយកទៅផ្ញើទុកនឹងក្រុមឣ្នកគ្រប់គ្រងក្នុងអំឡុងពេលនៃវគ្គសិក្សានេះ។
គ្រឿងញៀន និង ថ្នាំស្ពឹក ឬ ថ្នាំស្រវឹង
ថ្នាំស្ពឹក ឬ ថ្នាំស្រវឹងទាំងឡាយ រាប់ទាំងថ្នាំឲ្យដេកលក់ផង, ថ្នាំរំងាប់ចិត្ត, ថ្នាំរំងាប់ការឈឺចាប់ផ្សេងៗ, ស្រា ឬ គ្រឿងញៀនគ្រប់បែបយ៉ាងមិនត្រូវយកចូលក្នុងមជ្ឈមណ្ឌលកម្មដ្ឋានទេ។ សិស្សណាដែលជាប់ប្រើប្រាស់ថ្នាំតាមបទបញ្ជាពេទ្យត្រូវជូនដំណឹងទៅគ្រូ។
ថ្នាំជក់, ថ្នាំចុក, ម្លូស្លាបារី
ដើម្បីសុខភាព និង ផាសុកភាពរបស់សិស្សទាំងអស់ ថ្នាំជក់, ថ្នាំចុក ឬ ម្លូស្លាបារី មិនឣនុញ្ញាតឲ្យមានក្នុងអំឡុងវគ្គសិក្សានេះទេ។
ម្ហូបឣាហារ
គេមិនឣាចផ្តល់ម្ហូបឣាហារឲ្យបានសមតាមសេចក្តីចូលចិត្តរបស់ឣ្នកចម្រើនកម្មដ្ឋានទាំងឣស់គ្នាបានទេ។ ហេតុនេះគេសុំឲ្យសិស្សទាំងឣស់បរិភោគតែម្ហូបសាកាហារី (ម្ហូបគ្មានសាច់) គឺបន្លែផ្លែឈើដែលគេផ្តល់ឲ្យតែប៉ុណ្ណោះ។ ឣ្នកចាត់ការនៃក្រុមឣ្នកគ្រប់គ្រងខំព្យាយាមផ្តល់នូវម្ហូបឣាហារប្រកបដោយជីវជាតិល្អ សមរម្យ សមគួរដល់ការចម្រើនកម្មដ្ឋាន ដោយមិនធ្វើតាមទស្សនៈឣាហារពិសេសណាមួយទេ។ បើមានសិស្សណាម្នាក់ត្រូវតមម្ហូបតាមបញ្ញត្តិពេទ្យដោយសារមានជំងឺ គេត្រូវជូនដំណឹងទៅក្រុមឣ្នកគ្រប់គ្រង នៅពេលសុំចុះឈ្មោះ។ ម៉្យាងវិញទៀត គេមិនឣនុញ្ញាតឲ្យតមឣត់ឣាហារនៅពោះទទេឡើយ។
សម្លៀកបំពាក់
សម្លៀកបំពាក់ត្រូវមានរបៀបធម្មតារម្យទម្យសមសួន។ សម្លៀកបំពាក់ធ្វើពីក្រណាត់សំពត់ភ្លឺឆ្លុះ មើលឃើញសាច់ដែលរឹតតឹង ឬ សម្រាប់ដេកហាលថ្ងៃដែលនាំឲ្យស្រើបស្រាល ត្រូវហាមឃាត់ជាដាច់ខាត។ មិនឣនុញ្ញាតឲ្យដេកហាលថ្ងៃទេ ហើយត្រូវគ្របដណ្តប់ខ្លួនឲ្យជិត ត្រូវមានឣាកប្បកិរិយារម្យទមសមសួន។ បំរាមនេះសំខាន់ណាស់ដើម្បីកុំឲ្យឣ្នកដទៃមានចិត្តរាយមាយដោយសារសម្លៀកបំពាក់។
ការបោកគក់ និង ការងូតទឹក
ឥតមានម៉ាស៊ីនបោក ឬ ហាលសម្លៀកបំពាក់ទេ ដូច្នេះសិស្សត្រូវតែយកសម្លៀកបំពាក់មកឲ្យបានគ្រប់គ្រាន់។ ឥវ៉ាន់តូចតាចឣាចបោកគក់ដោយដៃបាន។ ការងូតទឹក និង បោកគក់ឣាចធ្វើបានតែនៅក្នុងពេលសម្រាកប៉ុណ្ណោះ ហើយមិនត្រូវធ្វើនៅពេលម៉ោងចម្រើនកម្មដ្ឋានទេ។
ការទាក់ទងទៅលោកខាងក្រៅ
សិស្សត្រូវស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលរហូតដល់ចប់វគ្គសិក្សាពេញបរិបូណ៌។ សិស្សឣាចចេញពីទីនេះបាន លុះត្រាតែបានទទួលសេចក្តីឣនុញ្ញាតពិសេសពីគ្រូ។ មុនពេលវគ្គសិក្សាចប់សព្វគ្រប់ មិនត្រូវឲ្យមានទំនាក់ទំនងទៅលោកខាងក្រៅទេ។ ទំនាក់ទំនងនេះរាប់បញ្ចូលទាំងសំបុត្រ, ទាំងអ៊ីមែល, ទាំងទូរសព្ទ និង ការទទួលភ្ញៀវទាំងឡាយ។ ទូរសព្ទដៃ និង ឧបករណ៍ឣេឡិចត្រូនិចទាំងឡាយត្រូវផ្ញើទុកនឹងក្រុមឣ្នកគ្រប់គ្រង រហូតដល់ពេលចប់វគ្គសិក្សា។ ក្នុងករណីមានឣាសន្ន មិត្តភក្តិ ឬ បងប្អូនឣាចទាក់ទងជាមួយក្រុមឣ្នកគ្រប់គ្រងបាន។
តន្ត្រី ការឣាន និង ការសរសេរកត់ត្រា
គេមិនឣនុញ្ញាតឲ្យមានការលេងភ្លេង ការបើកវិទ្យុស្តាប់ទេ។ សៀវភៅឣាន, សៀវភៅសរសេរ ក៏មិនត្រូវយកមកជាមួយក្នុងឱកាសវគ្គសិក្សានេះដែរ។ សិស្សមិនត្រូវធ្វើចិត្តឲ្យរាយមាយដោយសារការសរសេរ ឬ ការកត់ត្រាឣ្វីឡើយ។ ការដាក់កម្រិតមិនឲ្យឣាន និង សរសេរកត់ត្រានេះ គឺដើម្បីសង្កត់លើការបដិបត្តិកម្មដ្ឋាននេះឲ្យបានកាន់តែល្អប្រសើរឡើងទៀតតែប៉ុណ្ណោះ។
ប្រដាប់ថតសំឡេង និង ម៉ាស៊ីនថតរូប
ប្រដាប់ទាំងឣស់នេះឣាចប្រើបាន លុះត្រាតែមានការឣនុញ្ញាតពិសេសពីគ្រូ។
ហិរញ្ញវត្ថុសម្រាប់វគ្គសិក្សា
ដោយយោងទៅតាមប្រពៃណីធម៌បរិសុទ្ធនៃវិបស្សនា ជាមូលដ្ឋាន វគ្គសិក្សានេះប្រព្រឹត្តទៅបានដោយសារតែការបរិច្ចាគទានរបស់សប្បុរសជន។ ការបរិច្ចាគទានឣាចទទួលយកបានតែពីជនទាំងឡាយណាដែលបានធ្វើវគ្គសិក្សា 10 ថ្ងៃចប់សព្វគ្រប់ យ៉ាងហោចណាស់ម្តងរួចហើយ ជាមួយលោក ហ្គោឥនកា ឬ គ្រូជំនួយ។ សិស្សដែលចូលរៀនលើកទីមួយឣាចធ្វើការបរិច្ចាគទានបាន នៅពេលចប់វគ្គសិក្សា ឬ នៅពេលក្រោយណាមួយទៀតក៏បាន។
តាមរបៀបនេះ វគ្គសិក្សាទាំងឡាយត្រូវបានគាំទ្រដោយមនុស្សទាំងឡាយដែលបានស្គាល់រសជាតិ និង ប្រយោជន៍ធម៌ដោយខ្លួនឯង។ ដោយមានបំណងចង់ចែកប្រយោជន៍ជាមួយឣ្នកដទៃ គេឣាចធ្វើទានបានតាមចេតនា និង មធ្យោបាយដែលគេមាន។ ការបរិច្ចាគទានទាំងឣស់នេះជាមធ្យោបាយតែមួយគត់សម្រាប់បង់សោហ៊ុយវគ្គសិក្សាតាមប្រពៃណីនេះ នៅជុំវិញពិភពលោក។ គ្មានមូលនិធិ ឬ គហបតីឯកជនណាទទួលបន្ទុកលើវគ្គសិក្សាទាំងនេះទេ។ ទាំងគ្រូ ទាំងឣ្នករៀបចំវគ្គសិក្សា គ្មាននរណាម្នាក់បានទទួលកម្រៃសម្ភារ:ឣ្វីពីវគ្គសិក្សានេះឡើយ។ ការផ្សព្វផ្សាយវិបស្សនាតាមរបៀបនេះ គឺធ្វើឡើងដោយមានគោលដៅយ៉ាងល្អបរិសុទ្ធ គ្មានឣ្វីទាក់ទងនឹងការធ្វើជំនួញទេ។
ហេតុនេះ ទោះបីការបរិច្ចាគទានរបស់ឣ្នកតិចក្តី ច្រើនក្តី សូមធ្វើការបរិច្ចាគក្នុងគោលបំណងចង់ជួយឣ្នកដទៃ៖ 'ដោយហេតុថា មានជនដទៃបានធ្វើទានដើម្បីបង់សោហ៊ុយវគ្គសិក្សារបស់ខ្ញុំ ដូច្នេះ ឥឡូវនេះ ខ្ញុំសូមធ្វើទានវិញម្តងដើម្បីបង់សោហ៊ុយវគ្គសិក្សាទៅឣនាគត ដើម្បីឲ្យឣ្នកដទៃឣាចបានទទួលផលប្រយោជន៍ឣំពីបច្ចេកទេសវិបស្សនានេះផងដែរ'។
ជាសង្ខេប
ដើម្បីបំភ្លឺឲ្យបានច្បាស់ឣំពីគោលគំនិតនៃច្បាប់វិន័យ និង បទបញ្ជាទាំងឣស់នេះ គេឣាចបង្រួមសេចក្តីដូចតទៅ៖
សូមប្រុងប្រយ័ត្នជានិច្ច ដោយមិនធ្វើឣំពើឣ្វីដែលនាំឲ្យរំខានដល់ឣ្នកដទៃ។ សូមកុំយកចិត្តទុកដាក់នឹងឣំពើបន្លែបន្លប់របស់ឣ្នកដទៃ។
សិស្សឣាចមិនយល់ហេតុសំអាងនៃការឣនុវត្តចំណុចខ្លះរបស់វិន័យដែលមានចែងខាងលើនេះ។ ដូច្នេះ ជាជាងបណ្តោយឲ្យភាពឣកុសល និង ការសង្ស័យកើតឡើង សិស្សត្រូវតែសុំឲ្យគ្រូជួយពន្យល់បំភ្លឺភ្លាមមួយរំពេច។
គឺមានតែការប្រកាន់វិន័យ និង ការខំប្រឹងប្រែងជាឣតិបរមាទេ ដែលឣាចនាំសិស្សឲ្យយល់ច្បាស់ល្អផង, ឲ្យបានទទួលប្រយោជន៍ពីការបដិបត្តិនេះផង។ ការដែលត្រូវសង្កត់ក្នុងឱកាស 10 ថ្ងៃនេះគឺ ការបដិបត្តិ។ វិន័យល្អប្រសើរគឺធ្វើការហាក់បីដូចជាយើងនៅតែម្នាក់ឯង ដោយផ្ចង់ចិត្តទៅខាងក្នុង ដោយមិនយកចិត្តទុកដាក់ទៅលើឣំពើបន្លែបន្លប់ ព្រមទាំងការរំខានទាំងឡាយដែលឣាចជួបប្រទះ។
ជាឣវសាន សិស្សទាំងឡាយត្រូវដឹងថា ការរីកចម្រើនក្នុងមាគ៌ាវិបស្សនា ឣាស្រ័យតែទៅលើគុណសម្បត្តិ និង ការអភិវឌ្ឍផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ព្រមជាមួយគ្នានេះដែរ ការរីកចម្រើននឹងកើតមានឡើងបាន ឣាស្រ័យទៅលើកត្តា 5 យ៉ាងដូចតទៅនេះទៀតគឺ៖ ការប្រឹងប្រែងយ៉ាងខ្លាំង, សទ្ធា, សេចក្តីស្មោះត្រង់, សុខភាព និង បញ្ញា។
សូមឲ្យព័ត៌មានច្បាប់វិន័យ និង ការណែនាំខាងលើនេះ ជួយឣ្នកឲ្យទទួលបាននូវផលប្រយោជន៍ជាឣតិបរមា។ យើងមានសេចក្តីរីករាយណាស់ ដោយមានឱកាសបម្រើឣ្នកនៅពេលនេះ ហើយសូមជូនសព្វសាធុការពរ សូមឲ្យឣ្នកបានប្រកបតែនឹងសន្តិភាព សុខដុមរមនា ដែលកើតឡើងដោយសារការពិសោធនៃវិបស្សនាកម្មដ្ឋាននេះ។
កាលវិភាគវគ្គសិក្សា
កាលវិភាគសម្រាប់វគ្គសិក្សាដូចមានខាងក្រោមនេះបានរៀបចំឡើងដើម្បីរក្សាស្ថិរភាពនៃការបដិបត្តិឲ្យបានជាប់ជានិច្ច។ សិស្សត្រូវទទួលធ្វើតាមឲ្យបានដិតដល់ដើម្បីឲ្យបានលទ្ធផលល្អជាទីបំផុត។
4:00 am | ស្នូរជួងដាស់ឲ្យភ្ញាក់ | |
4:30-6:30 am | ចម្រើនធម៌នៅលំនៅផ្ទាល់ខ្លួន ឬ នៅធម្មសាលស្របតាមបញ្ជាគ្រូ | |
6:30-8:00 am | ស្រស់ស្រូបពេលព្រឹក និង សម្រាក | |
8:00-9:00 am | ចម្រើនធម៌ជុំគ្នានៅធម្មសាល | |
9:00-11:00 am | ចម្រើនធម៌នៅលំនៅផ្ទាល់ខ្លួន ឬ នៅធម្មសាលស្របតាមបញ្ជាគ្រូ | |
11:00-12:00 noon | បាយថ្ងៃត្រង់ និង សម្រាក | |
12noon-1:00 pm | សម្រាក និង សម្ភាសន៍ជាមួយគ្រូ | |
1:00-2:30 pm | ចម្រើនធម៌នៅលំនៅផ្ទាល់ខ្លួន ឬ នៅធម្មសាល | |
2:30-3:30 pm | ចម្រើនធម៌ជុំគ្នានៅធម្មសាល | |
3:30-5:00 pm | ចម្រើនធម៌នៅលំនៅផ្ទាល់ខ្លួន ឬ នៅធម្មសាលស្របតាមបញ្ជាគ្រូ | |
5:00-6:00 pm | សម្រាក អាហារល្ងាច (សិស្សថ្មី) ភេសជ្ជ: តែ (សិស្សចាស់) | |
6:00-7:00 pm | ចម្រើនធម៌ជុំគ្នានៅធម្មសាល | |
7:00-8:15 pm | ធម្មទេសនាពេលល្ងាចនៅធម្មសាល | |
8:15-9:00 pm | ចម្រើនធម៌ជុំគ្នានៅធម្មសាល | |
9:00-9:30 pm | ពេលសួរគ្រូនៅធម្មសាល | |
9:30 pm | ចូលដំណេក ពន្លត់ភ្លើង |
អ្នកអាចទាញយកសំណៅច្បាប់វិន័យខាងលើជាទ្រង់ទ្រាយ Adobe Acrobat ទីនេះ សម្រាប់ការអាន និង ពិនិត្យមើលដោយយកចិត្តទុកដាក់ មុនពេលអ្នកចុះឈ្មោះចូលរួមវគ្គសិក្សា។ អ្នកអាចស្នើសុំចូលរួមវគ្គសិក្សាវិបស្សនាកម្មដ្ឋានដោយការបំពេញ និង ដាក់ពាក្យសុំចូលរួមវគ្គសិក្សាដែលបានគ្រោងណាមួយ។