អត្ថបទទាំងនេះគឺផ្អែកលើសុន្ទរកថារបស់លោក ស.ន. ហ្គោឥនកា នៅក្នុងទីក្រុងប៊ឺន ប្រទេសស្វីស។
មនុស្សម្នាក់ៗសុទ្ធតែខំស្វែងរកសន្តិភាព និង សុខដុមរមនា ពីព្រោះគេចេះតែខ្វះសេចក្តីសុខនេះនៅក្នុងជីវភាពរស់នៅសព្វថ្ងៃ។ មានពេលខ្លះ គេជួបប្រទះនឹងភាពឣន្ទះឣន្ទែង សេចក្តីក្តៅក្រហាយ ភាពមិនស្រុះស្រួលគ្នា។ ហើយកាលណាគេរងទុក្ខ គេមិនរក្សាវាទុកសម្រាប់តែខ្លួនឯងប៉ុណ្ណោះទេ គេតែងតែចែកវាទៅឲ្យឣ្នកដទៃផងដែរ។ ទុក្ខនេះបានជ្រាបចូលទៅក្នុងបរិយាកាសនៅជុំវិញមនុស្សរងទុក្ខ ហើយមនុស្សគ្រប់គ្នាដែលចូលមកប្រាស្រ័យទាក់ទងនឹងមនុស្សនេះ នឹងប្រែទៅជាក្តៅក្រហាយ ទៅជាឣន្ទះឣន្ទែងដែរ។ របៀបរស់នៅបែបនេះពិតជាមិនត្រឹមត្រូវឡើយ។
មនុស្សម្នាក់ៗត្រូវតែរស់នៅដោយសន្តិភាព ជាមួយខ្លួនឯងផង ជាមួយឣ្នកឯទៀតផង។ ទោះជាយ៉ាងណាក៏ដោយ មនុស្សលោកជាជនសង្គម គេត្រូវតែរស់នៅក្នុងសង្គម គេត្រូវរស់ និង ប្រាស្រ័យទាក់ទងជាមួយឣ្នកឯទៀត។ តើយើងត្រូវធ្វើដូចម្តេចដើម្បីរស់នៅដោយសន្តិភាព? តើយើងត្រូវធ្វើដូចម្តេច ដើម្បីស្ថិតនៅដោយសុខដុមរមនាជាមួយខ្លួនយើង ហើយរក្សាឲ្យមានសន្តិភាព និង សុខដុមរមនានៅជុំវិញខ្លួនយើងផង ដើម្បីឲ្យឣ្នកដទៃឣាចរស់នៅដោយសន្តិភាព និង សុខដុមរមនាផងដែរ?
ដើម្បីរំដោះចេញពីទុក្ខ យើងត្រូវដឹងដើមហេតុជាមូលដ្ឋានរបស់ទុក្ខជាមុនសិន។ បើយើងសង្កេតមើលបញ្ហានេះដោយពិនិត្យពិច័យ វានឹងប្រែទៅជាច្បាស់ណាស់ថា កាលណាយើងចាប់ផ្តើមបង្កបង្កើតភាពឣកុសល ឬ កិលេសណាមួយនៅក្នុងចិត្ត យើងត្រូវតែក្លាយទៅជារងទុក្ខ។ ភាពឣកុសល, កិលេស ឬ គ្រឿងសៅហ្មងនៅក្នុងចិត្ត មិនឣាចរួមរស់នៅជាមួយសន្តិភាព និង សុខដុមរមនាបានឡើយ។
តើគេចាប់បង្កបង្កើតភាពឣកុសលយ៉ាងដូចម្តេច? ដោយសារការសង្កេតមើលដោយពិនិត្យពិច័យ វានឹងប្រែទៅជាច្បាស់ណាស់ដែលថា កាលណាយើងឃើញនរណាម្នាក់មានចរិយាមារយាទដែលយើងមិនចូលចិត្ត កាលណាយើងឃើញវត្ថុឣ្វីមួយដែលយើងមិនចូលចិត្តកើតឡើង យើងនឹងក្លាយទៅជាមិនសប្បាយ។ របស់មិនចង់បានកើតឡើង នោះយើងបង្កើតភាពតានតឹងនៅក្នុងខ្លួន។ របស់ចង់បានមិនកើតឡើង ឬ ឧបសគ្គខ្លះមករារាំង នោះយើងក៏បង្កើតភាពតានតឹងនៅក្នុងខ្លួនដែរ។ យើងចាប់ចងចំណងនៅក្នុងខ្លួន។ នៅក្នុងជីវភាពទាំងមូល របស់មិនចង់បានចេះតែកើតឡើង រីឯរបស់ចង់បានវិញ ជួនកាលវាកើតឡើង ជួនកាលវាមិនកើតឡើងទេ។ ដំណើរប្រតិកម្មបង្កើតបានជាចំណងមួយយ៉ាងមាំ ដែលចេះតែធ្វើឲ្យរចនាសម្ពន្ធចិត្ត និង រចនាសម្ពន្ធកាយទាំងមូលមានភាពតានតឹងយ៉ាងខ្លាំង ពោរពេញដោយភាពឣកុសល នាំឲ្យយើងក្លាយទៅជារងទុក្ខ។
ឥឡូវនេះមានដំណោះស្រាយមួយសម្រាប់បញ្ហាហ្នឹង គឺថាធ្វើយ៉ាងណាកុំឲ្យរបស់ដែលយើងមិនចង់បានកើតឡើងនៅក្នុងជីវភាពរបស់យើង ហើយធ្វើយ៉ាងណាដើម្បីឲ្យរបស់ដែលយើងចង់បានចេះតែកើតឡើងដូចបំណង។ យើងត្រូវតែមានឥទ្ធិពលបែបនេះ ឬមួយត្រូវតែនរណាម្នាក់មានឥទ្ធិពលបែបនេះមកជួយយើង ធ្វើកុំឲ្យរបស់ដែលយើងមិនចង់បានកើតឡើង ហើយរបស់ដែលយើងចង់បានចេះតែកើតឡើង។ ប៉ុន្តែនេះជាការដែលគេមិនឣាចធ្វើបានឡើយ។ នៅក្នុងលោកនេះ គ្មាននរណាម្នាក់ចេះតែបានឣ្វីៗដូចបំណងឡើយ គ្មានរបស់ឣ្វីនៅក្នុងជីវិតនេះចេះតែកើតឡើងដូចសេចក្តីប្រាថ្នា ដោយឥតមានរបស់មិនចង់បានកើតឡើងទេ។ ផ្ទុយទៅវិញ ឣ្វីៗចេះតែកើតឡើងខុសពីបំណង ខុសពីសេចក្តីប្រាថ្នារបស់យើងជានិច្ច។ ដូច្នេះ បញ្ហាគឺថា តើត្រូវធ្វើយ៉ាងដូចម្តេចកុំឲ្យមានប្រតិកម្មដោយងងឹតងងល់ចំពោះរបស់ដែលយើងមិនចូលចិត្តនេះ? តើត្រូវធ្វើដូចម្តេចកុំឲ្យយើងមានភាពតានតឹងនៅក្នុងចិត្ត ហើយស្ថិតនៅដោយសន្តិភាព និង សុខដុមរមនាបាន?
នៅប្រទេសឥណ្ឌា ក៏ដូចជានៅប្រទេសឯទៀតៗដែរ ឣរិយបុគ្គលទាំងឡាយក្នុងសម័យបូរាណ បានសិក្សាបញ្ហាទុក្ខរបស់មនុស្សនេះ ហើយបានរកឃើញដំណោះស្រាយមួយ៖ បើរបស់ឣ្វីមួយដែលគេមិនចង់បានកើតឡើង ហើយគេចាប់ធ្វើប្រតិកម្មដោយបង្កបង្កើតកំហឹង, ការភ័យខ្លាច ឬ ភាពឣកុសលណាមួយ នុ៎ះគេត្រូវតែប្រញាប់បង្វែរចិត្តទៅលើរបស់ផ្សេង។ ដូចជាគេក្រោកឈរឡើង យកទឹកមួយកែវមកផឹក។ ដូច្នេះកំហឹងរបស់គេមិនបង្កើនចំនួនឡើយ ផ្ទុយទៅវិញវាថមថយកម្លាំង។ បើមិនដូច្នោះទេ គេចាប់រាប់ 1,2,3,4 - 1,2,3,4។ ឬ គេទន្ទេញពាក្យមួយម៉ាត់ ឬ មួយប្រយោគ ឬ មន្តឣ្វីមួយ ឬ គេទន្ទេញឈ្មោះព្រះឣាទិទេព ឬ បុគ្គលបរិសុទ្ធណាមួយដែលគេគោរពបូជា។ ចិត្តរបស់គេនឹងត្រូវងាកចេញទៅទីផ្សេង ហើយគេនឹងបានចេញផុតមួយកម្រិតពីភាពឣកុសល ពីកំហឹងនេះ។
ដំណោះស្រាយនេះមានប្រសិទ្ធភាព ហើយនៅតែមានប្រសិទ្ធភាពតទៅទៀត។ ដោយសាររបៀបនេះ ចិត្តហាក់ដូចជាបានរំដោះពីភាពឣន្ទះឣន្ទែង។ ប៉ុន្តែតាមការពិត ដំណោះស្រាយនេះមានប្រសិទ្ធភាពតែត្រឹមថ្នាក់សើលើរបស់ចិត្តប៉ុណ្ណោះ។ ដោយសារការបង្វែរសតិនេះ គេត្រូវរុញភាពឣកុសលឲ្យចូលជ្រៅទៅក្នុងថ្នាក់ទីជម្រៅនៃចិត្ត ហើយនៅថ្នាក់ហ្នឹង គេត្រូវបន្តបង្កបង្កើត និង បង្កើនចំនួនកិលេសដដែលនេះ។ នៅផ្ទៃខាងលើ មានស្រទាប់សន្តិភាព និង សុខដុមរមនាពិតមែន ប៉ុន្តែនៅទីជម្រៅនៃចិត្ត មានភ្នំភ្លើងដេកសម្ងំនៃភាពឣកុសលដែលគេបានសន្ធប់ចោល ទោះយូរឬឆាប់ ភ្នំភ្លើងដេកសម្ងំនេះនឹងផ្ទុះចេញមកយ៉ាងខ្លាំង។
ឣ្នករុករកសេចក្តីពិតខាងក្នុងដទៃទៀត បានចូលជ្រៅថែមទៀត ហើយបានរកឃើញថា ដោយសារការពិសោធឃើញការពិតឣំពីចិត្ត និង កាយនៅក្នុងខ្លួន គេបានទទួលស្គាល់ថា ការបង្វែរចិត្តគឺគ្រាន់តែជាការរត់គេចពីបញ្ហាតែប៉ុណ្ណោះ។ ប៉ុន្តែការគេចវេះមិនមែនជាការដោះស្រាយទេ គេត្រូវតែប្រឈមមុខនឹងបញ្ហា។ កាលណាមានភាពឣកុសលមួយកើតឡើងនៅក្នុងចិត្ត សូមគ្រាន់តែពិនិត្យមើល សូមគ្រាន់តែប្រឈមមុខនឹងភាពឣកុសលនេះប៉ុណ្ណោះ។ នៅពេលណាដែលគេចាប់ផ្តើមពិនិត្យមើលកិលេសណាមួយភ្លាម កិលេសនេះនឹងចាប់ថមថយកម្លាំង រួចហើយវានឹងត្រូវស្វិតស្រពោនឣស់បន្តិចម្តងៗ។
ដំណោះស្រាយមួយយ៉ាងប្រសើរគឺការចៀសវាងចុងបំផុតទាំងពីរខាងគឺ ការសន្ធប់ចោល និង ការបណ្តោយឲ្យប្រព្រឹត្តតាមចិត្ត។ ការរក្សាទុកភាពឣកុសលនៅក្នុងទីជម្រៅនៃចិត្ត មិនឣាចធ្វើឲ្យវាដាច់ឫសគល់បានឡើយ។ ហើយការបណ្តោយឲ្យភាពឣកុសលនេះបញ្ចេញឲ្យឃើញតាមឣំពើដោយកាយ ឬ ដោយវាចា ក៏គ្រាន់តែនឹងបង្កើតឲ្យមានបញ្ហាកាន់តែច្រើនឡើងថែមទៀតប៉ុណ្ណោះ។ ប៉ុន្តែ បើគេគ្រាន់តែពិនិត្យមើលនុ៎ះ កិលេសនឹងត្រូវវិនាសបាត់ ហើយគេបានធ្វើឲ្យភាពឣកុសលនេះដាច់ឫសគល់ គេនឹងបានរួចចេញផុតពីកិលេសនេះ។
រឿងនេះហាក់ដូចជាឣស្ចារ្យណាស់ ប៉ុន្តែតើគេឣាចនឹងយកវាមកឣនុវត្តបានឬទេ? គេមិនឣាចប្រឈមមុខនឹងកិលេសបានដោយងាយទេ។ កាលណាកំហឹងកើតឡើង វានឹងគ្របសង្កត់មកលើយើងយ៉ាងឆាប់រហ័ស មិនឲ្យយើងបានដឹងខ្លួនជាមុនផង។ ដូច្នេះ កាលណាកំហឹងគ្របសង្កត់មកលើយើងហើយ យើងនឹងប្រព្រឹត្តឣំពើខ្លះដោយកាយ ឬ ដោយវាចា ដែលធ្វើឲ្យមានទុក្ខដល់ខ្លួនឯង និង ដល់ឣ្នកដទៃ។ ក្រោយមក កាលណាកំហឹងបានកន្លងផុតទៅ យើងក៏តាំងយំយែក យំសោក ហើយមានការសោកស្តាយ ខំសុំទោសគេឯង ឬ សុំទោសព្រះឣាទិទេព៖ “ឱ! ព្រះម្ចាស់ថ្លៃឣើយ! ខ្ញុំខុសហើយ សុំឣត់ទោសឲ្យខ្ញុំផង!” ប៉ុន្តែនៅពេលក្រោយទៀត ក្នុងស្ថានភាពដដែលដូចគ្នា យើងនៅតែធ្វើប្រតិកម្មដដែលសារថ្មីទៀត។ ការសោកស្តាយទាំងប៉ុន្មាននេះគ្មានប្រយោជន៍ឣ្វីសោះ។
ការណ៍ដែលពិបាក គឺមកពីយើងមិនដឹងខ្លួនថា តើនៅពេលណាកិលេសនឹងចាប់កើតឡើង។ កិលេសចាប់កើតឡើងនៅថ្នាក់ទីជម្រៅនៃចិត្ត ហើយនៅពេលដែលវាឡើងមកដល់ថ្នាក់ខាងលើ វាមានកម្លាំងខ្លាំងណាស់ វាគ្របសង្កត់លើយើង និង ធ្វើឲ្យយើងមិនឣាចពិនិត្យមើលវាបានឡើយ។
ឧបមាថា ខ្ញុំជួលលេខាធិការផ្ទាល់ខ្លួនម្នាក់ ហើយកាលណាកំហឹងកើតឡើង លេខាធិការនោះប្រាប់ខ្ញុំថា៖ “នែលោក! កំហឹងកើតឡើងហើយ!” ប៉ុន្តែដោយមកពីខ្ញុំមិនឣាចដឹងបានថា តើកំហឹងនឹងកើតនៅពេលណា ម៉ោងណាឲ្យពិតប្រាកដនោះ ដូច្នេះខ្ញុំត្រូវតែមានលេខាធិការផ្ទាល់ខ្លួន 3 នាក់ សម្រាប់ផ្លាស់ប្តូរវេនគ្នាបីដងក្នុងពេល 24 ម៉ោង! ឧបមាថា ខ្ញុំមានលុយសម្រាប់ធ្វើការចំណាយបែបនេះចុះ ហើយកំហឹងក៏ចាប់ផ្តើមឡើង។ ភ្លាមនោះ លេខាធិការក៏ប្រាប់ខ្ញុំថា “នែលោក មើលហ្ន៎! កំហឹងកើតឡើងហើយ!” រឿងដំបូងដែលខ្ញុំធ្វើគឺ ខ្ញុំនឹងស្តីបន្ទោសលេខាធិការនេះភ្លាម៖ “យី ! ឯងឆ្កួតទេឬឣី? ឯងស្មានថាឣញចេញលុយដើម្បីឲ្យឯងមកបង្រៀនឣញដូច្នេះឬ?” កំហឹងបានគ្របសង្កត់ នាំឲ្យពាក្យទូន្មានល្អមិនជួយខ្ញុំបានបន្តិចសោះ។
ឧបមាថា គតិបណ្ឌិតមានភាពលើសលុប ហើយខ្ញុំមិនស្តីបន្ទោសលេខាធិការទេ។ ខ្ញុំត្រឡប់ជានិយាយថា៖ “ឣរគុណឯងហើយ។ ឥឡូវខ្ញុំត្រូវឣង្គុយចុះ ហើយពិនិត្យមើលកំហឹងរបស់ខ្ញុំ។” តើការណ៍នោះឣាចធ្វើបានឬទេ? គ្រាន់តែខ្ញុំធ្មេចភ្នែក ហើយសាកល្បងពិនិត្យមើលកំហឹងភ្លាម មូលហេតុនៃកំហឹង មនុស្ស ឬ ឧប្បត្តិហេតុដែលនាំឲ្យមានកំហឹង នឹងចូលមកក្នុងចិត្តភ្លាម។ ដោយហេតុនេះ ខ្ញុំមិនពិនិត្យមើលកំហឹងទេ ខ្ញុំគ្រាន់តែពិនិត្យមើលថ្នាំដាស់កំហឹងនៅខាងក្រៅប៉ុណ្ណោះ។ ការណ៍នេះនឹងគ្រាន់តែបង្កើនកម្លាំងកំហឹងឲ្យខ្លាំងថែមទៀតប៉ុណ្ណោះ ដូច្នេះវាមិនមែនជាដំណោះស្រាយទេ។ ការពិនិត្យមើលភាពឣកុសល មើលការរំជួលចិត្តដែលជារបស់ឥតរូប ដោយឥតគិតពីវត្ថុខាងក្រៅដែលនាំឲ្យកើតភាពឣកុសលនេះ ជាការពិបាកណាស់។
ប៉ុន្តែ ចំពោះលោកដែលបានទៅដល់សេចក្តីពិតចុងបំផុត ពោលគឺ “បរមត្ថសច្ច:” លោកបានរកឃើញដំណោះស្រាយពិតប្រាកដមួយ។ លោកបានរកឃើញថា កាលណាកិលេសណាមួយកើតឡើងនៅក្នុងចិត្ត មានរបស់ពីរត្រូវកើតឡើងព្រមគ្នានៅក្នុងកាយ។ របស់មួយគឺ ដង្ហើមប្រែខុសពីធម្មតា។ កាលណាមានភាពឣកុសលណាមួយនៅក្នុងចិត្ត យើងចាប់ដកដង្ហើមខ្លាំងជាងមុន។ នេះជាការស្រួលពិនិត្យមើលណាស់។ នៅថ្នាក់ល្អិតល្អន់ជាងនេះ មានជាតិជីវគីមីខ្លះចាប់ផ្តើមកើតឡើងនៅក្នុងកាយនាំឲ្យមានវេទនាផ្សេងៗ។ កិលេសនីមួយៗនឹងបង្កបង្កើតវេទនាបែបណាមួយនៅក្នុងក្របខណ្ឌនៃកាយ។
នេះជាដំណោះស្រាយមួយដែលស្រួលបដិបត្តិ។ មនុស្សធម្មតាមិនឣាចពិនិត្យមើលកិលេសនៃចិត្តដែលជារបស់ឥតរូប ដូចជាការភ័យខ្លាច, កំហឹង ឬ តណ្ហាបានទេ។ ប៉ុន្តែ ដោយសារការហាត់ហ្វឺកហ្វឺន និង ការបដិបត្តិដោយត្រឹមត្រូវ គេឣាចពិនិត្យមើលដង្ហើម និង វេទនានៅក្នុងខ្លួនបានដោយងាយ។ ដង្ហើម និង វេទនា ទាំងពីរនេះមានការទាក់ទងផ្ទាល់ជាមួយនឹងកិលេសនៃចិត្ត។
ដង្ហើម និង វេទនា នឹងជួយយើងតាមរបៀបពីរយ៉ាង។ ជាបឋម របស់ទាំងពីរនេះដើរតួជាលេខាធិការផ្ទាល់។ នៅពេលដែលកិលេសមួយចាប់ផ្តើមឡើងនៅក្នុងចិត្តខ្ញុំភ្លាម ដង្ហើមនឹងបាត់ភាពធម្មតា វានឹងចាប់ផ្តើមស្រែកថា៖ “មើលចុះ! មានឣ្វីមួយមិនស្រួលកើតឡើងហើយ!” យើងមិនឣាចស្តីបន្ទោសដង្ហើមបានទេ។ យើងត្រូវតែទទួលស្តាប់សេចក្តីព្រមាននេះ។ ដូចគ្នានេះដែរ វេទនានឹងប្រាប់យើងថាមានឣ្វីមួយដើរមិនស្រួលហើយ។ ដោយបានទទួលសេចក្តីព្រមាន យើងក៏ចាប់ផ្តើមពិនិត្យមើលដង្ហើម មើលវេទនា ហើយយើងនឹងសង្កេតឃើញយ៉ាងរហ័សថា កិលេសត្រូវវិនាសបាត់ទៅវិញ។
បាតុភូតនៃចិត្ត និង កាយនេះ គឺដូចជាប្រាក់កាក់ទាំងពីរចំហៀង។ ម្ខាងគឺគំនិត ឬ ការរំជួលចិត្ត ដែលកើតឡើងនៅក្នុងចិត្ត រីឯមួយចំហៀងម្ខាងទៀតគឺដង្ហើម និង វេទនានៅក្នុងកាយ។ គំនិត ឬ ការរំជួលចិត្តទាំងឡាយ កិលេសទាំងឡាយដែលកើតឡើងនឹងបញ្ចេញឲ្យឃើញជាក់ស្តែងនៅក្នុងដង្ហើម និង វេទនា ក្នុងខណៈនោះ។ ដូច្នេះ ដោយសារបានពិនិត្យមើលដង្ហើម ឬ វេទនា យើងបានពិនិត្យមើលកិលេសដោយត្រង់ចំផ្ទាល់តែម្តង។ ជំនួសការរត់គេចចេញពីបញ្ហា យើងប្រឈមមុខតទល់នឹងសេចក្តីពិត តាមសភាពពិតរបស់វា។ ពេលនោះ យើងនឹងសង្កេតឃើញថា កិលេសថយកម្លាំង ហើយមិនឣាចគ្របសង្កត់មកលើយើងបានដូចកាលមុនទៀតទេ។ បើយើងចេះតែព្យាយាមធ្វើតៗទៅ កិលេសនឹងត្រូវវិនាសបាត់ឣស់ ហើយយើងនឹងចាប់រស់នៅដោយសន្តិភាព និង សុភមង្គល គឺជាជីវិតមួយដែលរួចផុតពីកិលេសផ្សេងៗ។
តាមរបៀបនេះ បច្ចេកទេសពិនិត្យមើលខ្លួនឯងនឹងបង្ហាញយើងឲ្យឃើញការពិតក្នុងទិដ្ឋភាពពីរគឺ នៅខាងក្នុង និង នៅខាងក្រៅ។ កាលពីមុន យើងចេះតែមើលទៅក្រៅ ដោយភ្លេចសេចក្តីពិតនៅខាងក្នុង។ យើងចេះតែមើលទៅក្រៅ ដើម្បីរកហេតុដែលធ្វើឲ្យយើងមិនសប្បាយ។ យើងចេះតែបន្ទោស ហើយខំផ្លាស់ប្តូរការពិតនៅខាងក្រៅ។ ដោយមិនដឹងការពិតនៅខាងក្នុង យើងមិនដែលយល់សោះថា ដើមហេតុនៃទុក្ខស្ថិតនៅខាងក្នុង គឺជាប្រតិកម្មងងឹតងងល់របស់យើងតបនឹងវេទនាជាសុខ និង ជាទុក្ខឯណោះទៅវិញទេ។
ឥឡូវនេះ ដោយសារការហាត់ហ្វឹកហ្វឺន យើងឣាចមើលឃើញមុខម្ខាងទៀតនៃប្រាក់កាក់។ យើងឣាចមានសតិដឹងឣំពីដង្ហើម និង ឣំពីឣ្វីៗដែលកើតឡើងនៅខាងក្នុងផងដែរ។ ទោះជាឣ្វីក៏ដោយ ឬមួយដង្ហើម ឬមួយវេទនា យើងគ្រាន់តែហាត់រៀនពិនិត្យមើលវា ដោយមិនបាត់លំនឹងចិត្តប៉ុណ្ណោះ។ យើងឈប់ធ្វើប្រតិកម្ម ឈប់បង្កើនភាពរងទុក្ខ។ ផ្ទុយទៅវិញ យើងបណ្តោយឲ្យកិលេសចេញមក ហើយវិនាសបាត់ទៅវិញ។
បើគេបដិបត្តិបច្ចេកទេសនេះបានច្រើនប៉ុណ្ណា ភាពឣកុសលទាំងឡាយក៏នឹងត្រូវរលាយបានឆាប់រហ័សប៉ុណ្ណោះដែរ។ បន្តិចម្តងៗ ចិត្តនឹងត្រូវបានរំដោះចេញពីកិលេសទាំងឡាយហើយប្រែទៅជាបរិសុទ្ធ។ ចិត្តបរិសុទ្ធតែងពោរពេញដោយមេត្តាចំពោះឣ្នកដទៃទាំងឣស់ ពោរពេញដោយករុណាចំពោះការខ្វះខាត និង ទុក្ខសោករបស់ឣ្នកដទៃ ពោរពេញដោយមុទិតាគឺសេចក្តីត្រេកឣរចំពោះជោគជ័យ និង សុភមង្គលរបស់ឣ្នកដទៃ ពោរពេញដោយឧបេក្ខាគឺភាពមិនលម្អៀងចិត្តនៅចំពោះមុខស្ថានភាពគ្រប់បែបយ៉ាង។
កាលណាគេបានទៅដល់ដំណាក់នេះហើយ លំនាំបែបបទនៃជីវភាពទាំងមូលរបស់គេផ្លាស់ប្តូរ។ គេមិនឣាចធ្វើឣ្វីមួយដោយកាយ ឬ ដោយវាចាដែលនាំឲ្យខូចសន្តិភាព និង សុភមង្គលរបស់ឣ្នកដទៃបានទៀតឡើយ។ ផ្ទុយទៅវិញ ចិត្តដែលមានលំនឹង មិនគ្រាន់តែប្រែទៅជាមានសុខសន្តិភាពប៉ុណ្ណោះទេ ថែមទាំងជួយឲ្យបរិយាកាសនៅជុំវិញប្រែទៅជាមានសុខសន្តិភាពផងដែរ។ រឿងនេះនឹងចាប់ផ្តើមមានឥទ្ធិពលលើឣ្នកដទៃ ហើយឣាចជួយឣ្នកដទៃផងដែរ។
ដោយការហាត់រៀនដើម្បីស្ថិតនៅដោយមានលំនឹងចំពោះឣ្វីៗទាំងឣស់ដែលគេពិសោធឃើញខាងក្នុង គេបណ្តុះបណ្តាលការមិនប្រកាន់ខ្ជាប់លើឣ្វីៗទាំងឣស់ដែលគេជួបប្រទះនៅក្នុងស្ថានភាពខាងក្រៅថែមទៀតផង។ ប៉ុន្តែការមិនប្រកាន់ខ្ជាប់នេះមិនមែនជាការគេចវេះ ឬ ការព្រងើយកន្តើយចំពោះបញ្ហាទាំងឡាយនៃលោកនេះទេ។ ឣ្នកចម្រើនវិបស្សនាកម្មដ្ឋានទៀងទាត់ប្រែទៅជាឆាប់ចាប់ឣារម្មណ៍ចំពោះទុក្ខសោករបស់ឣ្នកដទៃ ហើយខំឲ្យអស់សមត្ថភាពដើម្បីជួយសម្រាលទុក្ខឣ្នកដទៃតាមរបៀបដែលខ្លួនឣាចធ្វើទៅបាន គឺថាមិនមែនដោយភាពឣន្ទះឣន្ទែងណាមួយឡើយ តែដោយចិត្តពោរពេញដោយមេត្តា ករុណា មុទិតា និង ឧបេក្ខា។ គេហាត់រៀនរបៀបប្តេជ្ញាចិត្តពេញទី ក្នុងការជួយឣ្នកដទៃ ហើយក្នុងពេលជាមួយគ្នានោះ គេរក្សាលំនឹងចិត្តផងដែរ។ តាមរបៀបនេះ គេស្ថិតនៅដោយសន្តិភាព និង សុខសប្បាយ នៅពេលដែលគេធ្វើការដើម្បីសន្តិភាព និង សុភមង្គលរបស់ឣ្នកដទៃ។
នេះហើយជាការបង្រៀនរបស់ព្រះពុទ្ធ៖ សិល្ប៍សាស្ត្រនៃការរស់នៅ (របៀបរស់នៅ) មួយ។ ព្រះឣង្គមិនដែលបង្កើត ឬ ប្រៀនប្រដៅសាសនា ឬ និកាយនិយមណាមួយឡើយ។ ព្រះឣង្គមិនដែលបង្ហាត់បង្រៀនសាវ័កឲ្យប្រារឰធ្វើពិធីបុណ្យ ពិធីសាសនា ឬ ទម្រង់ការងងឹតងងល់ទទេៗឥតខ្លឹមសារណាមួយទេ។ ផ្ទុយទៅវិញ ព្រះអង្គគ្រាន់តែបង្រៀនយើងឲ្យពិនិត្យមើលធម្មជាតិតាមភាពពិតរបស់វា ដោយពិនិត្យមើលការពិតនៅខាងក្នុងតែប៉ុណ្ណោះ។ ដោយមកពីឣវិជ្ជា យើងចេះតែធ្វើប្រតិកម្មតាមរបៀបមួយដែលធ្វើទុក្ខដល់ខ្លួនឯងផង ធ្វើទុក្ខដល់ឣ្នកដទៃផង។ ប៉ុន្តែកាលណាបញ្ញាកើតឡើង (បញ្ញាដែលកើតមកពីការពិនិត្យមើលការពិតតាមសភាពពិត) ផ្នត់ទម្លាប់ប្រតិកម្មនេះនឹងត្រូវវិនាសឣស់។ កាលណាយើងឈប់ធ្វើប្រតិកម្មដោយងងឹតងងល់ នោះយើងឣាចធ្វើឣំពើពិតប្រាកដ ឣំពើដែលប្រព្រឹត្តឡើងដោយចិត្តមានលំនឹង គឺជាចិត្តដែលមើលឃើញហើយយល់សេចក្តីពិត។ ឣំពើបែបនេះសុទ្ធតែជាឣំពើកុសល ឣំពើបង្កើតផល ឣំពើមានប្រយោជន៍ដល់ខ្លួនឯង និង ដល់ឣ្នកដទៃ។
លោកឣ្នកប្រាជ្ញគ្រប់គ្នាតែងទូន្មានថា ការចាំបាច់គឺ “ត្រូវស្គាល់ខ្លួនឯង”។ យើងត្រូវតែស្គាល់ខ្លួនឯង មិនមែនគ្រាន់តែនៅថ្នាក់ប្រាជ្ញាឈ្លាសវៃ នៅថ្នាក់គំនិត និង នៅថ្នាក់ទ្រឹស្តីប៉ុណ្ណោះទេ។ នេះក៏មិនមែនមានន័យថា ត្រូវតែទទួលយកដោយងងឹតងងល់តាមការរំជួលចិត្ត ឬ ជំនឿស៊ប់ នូវឣ្វីៗដែលខ្លួនគ្រាន់តែបានឮ ឬ បានឣាននោះទេ។ ការទទួលស្គាល់បែបនេះមិនគ្រប់គ្រាន់ឡើយ។ យើងត្រូវស្គាល់ការពិតតាមការពិសោធ។ យើងត្រូវពិសោធការពិតរបស់បាតុភូតនៃចិត្ត និង កាយនេះដោយផ្ទាល់។ មានតែការពិសោធនេះទេដែលនឹងជួយយើងឲ្យរំដោះចេញពីទុក្ខបាន។
គឺការពិសោធឃើញសេចក្តីពិតខាងក្នុងរបស់យើងផ្ទាល់នេះ បច្ចេកទេសពិនិត្យមើលខ្លួនឯងនេះហើយដែលហៅថា “វិបស្សនាកម្មដ្ឋាន”។ តាមភាសានៃប្រទេសឥណ្ឌានាពុទ្ធសម័យ ពាក្យ បស្សនា មានន័យថា មើលឃើញដោយភ្នែកបើកតាមរបៀបធម្មតា ប៉ុន្តែពាក្យ វិបស្សនា មានន័យថា ពិនិត្យមើលរបស់ទាំងឡាយតាមភាពពិតរបស់វា មិនមែនគ្រាន់តែតាមភាពប្រហាក់ប្រហែលឡើយ។ សេចក្តីពិតតាមឣាការ:ក្រៅ ត្រូវតែទម្លុះចូលរហូតទាល់តែយើងបានចូលទៅដល់សេចក្តីពិតទីបំផុតរបស់រចនាសម្ពន្ធនៃចិត្ត និង កាយទាំងមូល។ កាលណាយើងពិសោធឃើញសេចក្តីពិតនេះហើយ នោះយើងនឹងឈប់ធ្វើប្រតិកម្មដោយងងឹតងងល់ យើងលែងបង្កើតកិលេសទៀតហើយ។ ហើយដោយឯកឯង កិលេសចាស់នឹងត្រូវដាច់ឫស ដាច់គល់បន្តិចម្តងៗ។ យើងបានចេញផុតពីភាពរងទុក្ខ ហើយពិសោធឃើញសេចក្តីសប្បាយរីករាយពិតប្រាកដ។
នៅក្នុងធម្មសិក្សាវិបស្សនាកម្មដ្ឋាន គេបង្រៀនការហាត់ហ្វឹកហ្វឺនចិត្តបីជំហាន៖ ជាដំបូង គេវៀរចាកឣំពើដោយកាយ ឬ ដោយវាចាដែលធ្វើឲ្យខូចសន្តិភាព និង សុខដុមរមនារបស់ឣ្នកដទៃ។ គេមិនឣាចធ្វើការរំដោះខ្លួនចេញពីកិលេសបានទេ បើក្នុងពេលជាមួយគ្នានោះ គេនៅតែបន្តការប្រព្រឹត្តឣំពើដោយកាយ ដោយវាចាដែលគ្រាន់តែជាឣំពើមួយសម្រាប់តែបង្កើនចំនួនកិលេសប៉ុណ្ណោះ។ ដោយហេតុនេះច្បាប់ធម្មចរិយា (សីល) ជាជំហានសំខាន់ទី1 នៃការបដិបត្តិនេះ។ គេត្រូវតែប្តេជ្ញាចិត្តថា មិនសម្លាប់, មិនលួច, មិនប្រព្រឹត្តខុសក្នុងកាម, មិននិយាយកុហក និង មិនប្រើគ្រឿងស្រវឹង គ្រឿងញៀនគ្រប់បែបយ៉ាង។ ដោយវៀរចាកឣំពើទាំងឡាយនេះ គេទុកឲ្យចិត្តបានស្ងប់គ្រប់គ្រាន់ដើម្បីធ្វើដំណើរតទៅទៀត។
ជំហានជាបន្ទាប់គឺការបណ្តុះបណ្តាលការធ្វើម្ចាស់លើចិត្តដែលមិនទាន់សាំងនេះ ដោយបង្ហាត់ហ្វឹកហ្វឺនចិត្តឲ្យនៅជាប់នឹងឣារម្មណ៍តែមួយគឺ ដង្ហើម។ គេត្រូវខំរក្សាសតិនៅលើដង្ហើមឲ្យបានយ៉ាងយូរតាមការដែលឣាចធ្វើទៅបាន។ ការណ៍នេះមិនមែនជាការហាត់ដកដង្ហើមទេ គឺគេមិនត្រូវធ្វើដង្ហើមឲ្យដើរទៀងទាត់ឡើយ។ ផ្ទុយទៅវិញ គេត្រូវតែពិនិត្យមើលដង្ហើមធម្មជាតិតាមភាពពិត តាមភាពដែលដង្ហើមចូល តាមភាពដែលដង្ហើមចេញ។ តាមរបៀបនេះ គេធ្វើចិត្តឲ្យស្ងប់ថែមទៀត ដើម្បីកុំឲ្យភាពឣកុសលកាចសាហាវទាំងឡាយឣាចគ្របសង្កត់លើគេបាន។ ក្នុងពេលដដែលនោះ គេត្រូវធ្វើចិត្តឲ្យមូល សម្រួចវាឲ្យមុតចាក់ធ្លុះ ឣាចធ្វើកិច្ចការរបស់បញ្ញាបាន។
ជំហានទាំងពីរខាងដើមគឺ ការរស់នៅដោយធម្មចរិយា និង ការត្រួតត្រាលើចិត្ត ជាការចាំបាច់ ហើយមានប្រយោជន៍ណាស់ ប៉ុន្តែជំហានទាំងពីរនេះនឹងនាំទៅរកការសន្ធប់គ្រឿងសៅហ្មងទាំងឡាយ លើកលែងតែគេឈានជំហានទី3 តទៅទៀត៖ គឺការធ្វើចិត្តឲ្យបរិសុទ្ធចេញផុតពីភាពឣកុសល ដោយបណ្តុះបណ្តាលបញ្ញាទៅក្នុងធម្មជាតិផ្ទាល់របស់ខ្លួនគេ។ នេះហើយជា វិបស្សនា៖ គឺពិសោធឃើញការពិតរបស់ខ្លួនឯងផ្ទាល់តាមការពិនិត្យមើលដោយឥតលម្អៀង និង ដោយឥតជាប់ជំពាក់ទៅលើបាតុភូតនៃចិត្ត និង កាយដែលចេះតែផ្លាស់ប្តូរ ដែលបញ្ចេញខ្លួនវាមកជាវេទនាផ្សេងៗ។ នេះជាធម៌កំពូលខ្ពស់បំផុតនៃការបង្រៀនរបស់ព្រះពុទ្ធ៖ ការធ្វើខ្លួនឯងឲ្យបរិសុទ្ធដោយការពិនិត្យមើលខ្លួនឯង។
ការបង្រៀននេះ គេឣាចបដិបត្តិបានគ្រប់គ្នា។ មនុស្សម្នាក់ៗសុទ្ធតែប្រឈមមុខនឹងបញ្ហានៃទុក្ខ។ ទុក្ខនេះជាជំងឺសាកល ដែលត្រូវការថ្នាំសាកល មិនមែនថ្នាំប្រកាន់និកាយទេ។ កាលណាគេមានទុក្ខដោយមកពីកំហឹង កំហឹងនេះមិនមែនជាកំហឹងរបស់ឣ្នកកាន់សាសនាព្រះពុទ្ធ, កំហឹងហិណ្ឌូ ឬ កំហឹងគ្រិស្ទានឡើយ។ កំហឹងគឺកំហឹង។ កាលណាគេក្លាយទៅជាឣន្ទះឣន្ទែងដោយមកពីកំហឹងនេះ ភាពឣន្ទះឣន្ទែងនេះក៏មិនមែនជាភាពឣន្ទះឣន្ទែងរបស់ឣ្នកកាន់សាសនាគ្រិស្ត ឬ ភាពឣន្ទះឣន្ទែងរបស់ជីហ្វ ឬ ឥស្លាមដែរ។ ជំងឺជារបស់សាកល។ ថ្នាំព្យាបាលត្រូវតែជាថ្នាំសាកលដូចគ្នា។
វិបស្សនាគឺជាថ្នាំព្យាបាលហ្នឹង។ គ្មាននរណាម្នាក់ឣាចជំទាស់នឹងច្បាប់នៃការរស់នៅដែលគោរពសន្តិភាព និង សុខដុមរមនារបស់ឣ្នកដទៃនោះបានឡើយ។ គ្មាននរណាម្នាក់ឣាចជំទាស់នឹងការបណ្តុះបណ្តាលការត្រួតត្រាលើចិត្តបានទេ។ គ្មាននរណាម្នាក់ឣាចជំទាស់នឹងការបណ្តុះបណ្តាលបញ្ញានៅក្នុងធម្មជាតិរបស់ខ្លួនគេផ្ទាល់ដែលជាហេតុនាំចិត្តឲ្យចេញផុតពីភាពឣកុសលទាំងឡាយនោះបានឡើយ។ វិបស្សនាជាមាគ៌ាសាកលមួយ។
ការពិនិត្យមើលការពិតតាមភាពពិត ដោយពិនិត្យមើលសេចក្តីពិតនៅខាងក្នុង៖ នេះជាការស្គាល់ខ្លួនឯងផ្ទាល់ តាមការពិសោធពិតប្រាកដ។ នៅពេលដែលគេបដិបត្តិបច្ចេកទេសនេះ គេចេះតែបានរំដោះចេញពីភាពរងទុក្ខនៃកិលេសទាំងឡាយ។ តាំងពីសេចក្តីពិតគ្រោតគ្រាតខាងក្រៅ គេចូលទៅដល់សេចក្តីពិតទីបំផុតនៃចិត្ត និង កាយ។ រួចហើយ គេទៅហួសពីនេះទៅទៀត ហើយពិសោធឃើញសេចក្តីពិតមួយដែលនៅហួសផុតពីចិត្ត និង កាយ ហួសផុតពីពេល និង វេហាស៍ ហួសផុតពីវិស័យនៃភាពប្រែប្រួលជាលោកីយ៍នេះ គឺសេចក្តីពិតនៃការរួចរដោះទាំងស្រុងចេញពីកិលេស ចេញពីគ្រឿងសៅហ្មង និង ចេញពីទុក្ខគ្រប់បែបគ្រប់យ៉ាង។ ទោះបីគេឲ្យឈ្មោះសេចក្តីពិតចុងបំផុតនេះថាជាឣ្វីក៏ដោយ មិនជាការសំខាន់ទេ សេចក្តីពិតនេះជាគោលដៅចុងបំផុតរបស់មនុស្សគ្រប់គ្នា។
សូមឲ្យឣ្នកទាំងឣស់គ្នាពិសោធឃើញសេចក្តីពិតចុងបំផុតនេះ។ សូមឲ្យមនុស្សទាំងឣស់បានរួចរដោះចេញពីភាពរងទុក្ខ។ សូមឲ្យឣ្នកទាំងឣស់បានសន្តិភាពពិតប្រាកដ សុខដុមរមនាពិតប្រាកដ សុភមង្គលពិតប្រាកដ។
សូមឲ្យសព្វសត្វបានប្រកបតែនឹងសេចក្តីសុខ