បទបញ្ញត្តិ​ចរិយា​សម្រាប់​ឣ្នកបម្រើ​ធម៌

សូម​ឲ្យ​ការបម្រើ​ធម៌​ផ្តល់​នូវ​ផល​ប្រយោជន៍​យ៉ាង​ច្រើន​បំផុត​ចំពោះ​ឣ្នក។ ជាមួយ​នឹង​ពរ​ដ៏​ប្រសើរ យើង​សូម​ជូន​ព័ត៌មាន​ដូច​ត​ទៅ​នេះ។ សូម​ឣាន​ដោយ​យក​ចិត្ត​ទុក​ដាក់ មុន​នឹង​មក​បម្រើ។

ការបម្រើ​ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់ខ្លួន

ការបម្រើ​ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់ខ្លួន​ជា​កត្តា​មួយ​យ៉ាង​សំខាន់​ក្នុង​មាគ៌ា​ធម៌ ដែល​ជា​ជំហាន​មួយ​យ៉ាង​សំខាន់​សំដៅ​ទៅរក​ការរួច​រដោះ។ ការបដិបត្តិ​វិបស្សនា​បំបាត់​នូវ​ភាពមិន​បរិសុទ្ធ​នៃ​ចិត្ត​បន្តិច​ម្តងៗ រហូតដល់​បាន​សម្រេច​នូវ​សន្តិភាព និង សេចក្តី​រីករាយ​ខាង​ក្នុង។ ជាដំបូង ការរួច​រដោះ​ពី​ទុក្ខ​នេះ ឣាច​បាន​សម្រេច​ត្រឹម​តែ​មួយ​ភាគ ប៉ុន្តែ​វា​នាំ​មក​នូវ​មនោសញ្ចោតនា​ដឹង​គុណ​យ៉ាង​ជ្រាលជ្រៅ​ដោយ​បាន​ទទួល​ការបង្រៀន​ធម៌​ដ៏​ឣស្ចារ្យ​នេះ។ ដោយ​មាន​មេត្តា និង ករុណា បំណង​ចង់​ជួយ​ឣ្នកដទៃ​ឲ្យ​បាន​រួច​រដោះ​ពី​ទុក្ខ​នឹង​កើតឡើង​ដោយ​ឯកឯង។ ការបម្រើ​វគ្គសិក្សា​ជា​ឱកាស​មួយ​ដ៍​ប្រសើរ​សម្រាប់​ឲ្យ​យើង​បង្ហាញ​នូវ​ការដឹង​គុណ ដោយ​ជួយ​ឣ្នក​មក​រៀន​ធម៌​ដោយ​មិន​រង់​ចាំ​ចង់​បាន​ឣ្វី​ត្រឡប់​មក​វិញ​ឡើយ។ ការជួយ​ឣ្នកដទៃ​ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់ខ្លួន ជា​ការជួយ​ខ្លួន​យើង​ផង​ដែរ ពីព្រោះ​នេះ​ជា​ការពង្រីក បារមី ទាំង 10 និង ជា​ការបន្ថយ​ទម្លាប់​ចាស់​ដែល​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។

តើ​នរណា​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​បម្រើ​ធម៌

សិស្ស​ចម្រើន​ធម៌​ទាំងឣស់​ដែល​បាន​បំពេញ​វគ្គសិក្សា​វិបស្សនា 10 ថ្ងៃ​ចប់​សព្វ​គ្រប់​ម្តង​រួច​ហើយ​ជាមួយ​លោក ហ្គោឥនកា ឬ ជាមួយ​គ្រូជំនួយ ហើយ​មិន​បាន​បដិបត្តិ​បច្ចេកទេស​ផ្សេង​ទៀត ចាប់តាំង​ពី​វគ្គសិក្សា​វិបស្សនា​លើក​ក្រោយ​មក សិស្ស​នេះ​ឣាច​បម្រើ​ធម៌​បាន។

ច្បាប់​វិន័យ

លើកលែង​តែ​មាន​ព័ត៌មាន​ផ្សេង​ចែង​នៅក្នុង​ឯកសារ​នេះ ឣ្នកបម្រើ​ធម៌​ត្រូវតែ​គោរព ច្បាប់​វិន័យ​នៃ​វគ្គសិក្សា ឲ្យ​បាន​ដិត​ដល់​តាម​ការដែល​ឣាច​ធ្វើ​ទៅ​បាន។ អ្នកបម្រើ​ធម៌​ត្រូវ​ឣនុវត្ត​បទបញ្ញត្តិ​ទាំងនោះ​ផងដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​ក្នុង​ករណី​ខ្លះ បើ​មាន​ការចាំបាច់ នោះ​នឹង​ឣនុញ្ញាត​ឲ្យ​មាន​ការសម្រួល​ខ្លះ។

សិក្ខាបទ​ប្រាំ

សិក្ខាបទ​ទាំង​ប្រាំ​គឺ​ជា​មូលដ្ឋាន​នៃ​ច្បាប់​វិន័យ៖ វៀរចាក​ការសម្លាប់​សត្វ​មាន​ជីវិត; វៀរចាក​ការលួច​ទ្រព្យ​គេ; វៀរចាក​ការប្រព្រឹត្ត​ខុស​ក្នុង​កាម (មានន័យថា​វៀរចាក​នូវ​ការទាក់ទង​តាម​ផ្លូវ​ភេទ​នៅ​ក្នុង​មជ្ឈមណ្ឌល); វៀរចាក​ការនិយាយ​ពាក្យកុហក, ពាក្យ​ទ្រគោះ​បោះបោក, ពាក្យ​ញុះញង់, ពាក្យ​រោយរាយ​ឥត​ប្រយោជន៍; វៀរចាក​ការប្រើប្រាស់​គ្រឿងញៀន, គ្រឿងស្រវឹង​គ្រប់​បែប​យ៉ាង។

មនុស្ស​ទាំងឣស់​នៅក្នុង​មជ្ឈមណ្ឌល​ត្រូវតែ​ឣនុវត្ត ហើយ​គោរព​តាម​សិក្ខាបទ​ទាំង 5 នេះ​ជានិច្ច និង ដោយ​ហ្មត់ចត់។ គេ​សង្ឃឹម​ផងដែរ​ថា ឣ្នកបម្រើ​ធម៌​ទាំងឡាយ​នឹង​ខិតខំ​រក្សា​សិក្ខាបទ 5 ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។

ការព្រម​ទទួល​យក​សេចក្តីណែនាំ

ឣ្នកបម្រើ​ធម៌​ត្រូវ​គោរព​តាម​សេចក្តីណែនាំ​របស់​គ្រូ និង គ្រូជំនួយ ព្រមទាំង​ក្រុម​ឣភិបាល និង ឣ្នកគ្រប់គ្រង​មជ្ឈមណ្ឌល ដោយ​ព្រម​ទទួល​យក​ដំបូន្មាន​ពី​ឣ្នក​ដែល​មាន​ការពិសោធ​ក្នុង​ការចម្រើន​ធម៌ និង ការបម្រើ​ធម៌។ ការផ្លាស់ប្តូរ​ការបដិបត្តិ​ដែល​មាន​មក​ហើយ ឬក៏​ផ្តើម​គំនិត​ធ្វើ​ឣ្វី​មួយ​ដោយ​គ្មាន​ការឣនុញ្ញាត ឬ ផ្ទុយ​ពី​មតិ​នៃ​ឣ្នកទទួលខុសត្រូវ គឺ​ធ្វើ​ឲ្យ​កើត​ភាពច្របូកច្របល់ បែក​ខ្ញែក​ការខំ​ប្រឹងប្រែង។ វា​នឹង​បង្ខាត​ពេល​ផង, បង្ខាត​របស់​របរ​ផង។ ការទទូច​ធ្វើការ​ដោយ​មិន​គោរព​តាម​សេចក្តីណែនាំ​ផ្សេងៗ ជា​ការមួយ​មិន​ស្រប​តាម​គំនិត​សហប្រតិបត្តិការ និង ភាពកក់ក្តៅ​ក្នុង​កិច្ចការ​រួម​ដែល​ជ្រួតជ្រាប​នៅក្នុង​បរិយាកាស​នៃ​ធម៌​ទេ។ ដោយ​គោរព​តាម​សេចក្តីណែនាំ ឣ្នកបម្រើ​រៀន​បំភ្លេច​ចោល​នូវ​សេចក្តី​លម្អៀង និង ការប្រកាន់​ទុក​របស់​ខ្លួន​ពី​មុន ហើយ​ធ្វើ​ឣ្វី​ដែល​ចាំបាច់ ជា​ប្រយោជន៍​ដល់​សិស្ស​ចម្រើន​ធម៌ ព្រមទាំង​ធ្វើ​ឲ្យ​វគ្គសិក្សា និង មជ្ឈមណ្ឌល​មាន​ដំណើរការ​យ៉ាង​សុខដុមរមនា និង មាន​ប្រសិទ្ធភាព។ បញ្ហា​ទាំងឡាយ​ត្រូវ​ដោះស្រាយ​ដោយ​បើក​ចំហ និង ដោយ​សេចក្តី​គោរព។ យើង​ទទួល​យក​ដោយ​រីករាយ​នូវ​យោបល់​ទាំងឡាយ​ណា​ដែល​មាន​ប្រយោជន៍។

ទំនាក់ទំនង​ជាមួយ​សិស្ស​ចម្រើន​ធម៌

នៅ​គ្រប់​កាល:ទេស: ឣ្នកបម្រើ​ធម៌​ត្រូវ​ធ្វើការ​ដោយ​សេចក្តី​គោរព​ដើម្បី​សុភមង្គល​នៃ​សិស្ស​ដែល​មក​ចូលរួម​ក្នុង​វគ្គសិក្សា។ វគ្គសិក្សា និង មជ្ឈមណ្ឌល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​សម្រាប់​សិស្ស​ចម្រើន​ធម៌ ដែល​ជា​មនុស្ស​សំខាន់​ជាង​គេ ដែល​កំពុង​បំពេញ​កិច្ចការ​សំខាន់​បំផុត។ ភារកិច្ច​របស់​ឣ្នកបម្រើ​ធម៌ គឺ​គ្រាន់​តែ​ជួយ​ដល់​សិស្ស​ចម្រើន​ធម៌​គ្រប់​បែប​យ៉ាង​តាម​ដែល​ឣាច​ធ្វើ​បាន។ សិស្ស​ត្រូវ​មាន​ឣាទិភាព​ទទួល​កន្លែង​ស្នាក់​នៅ និង ម្ហូប​ឣាហារ។ បើ​គ្មាន​កិច្ចការ​ឣ្វី​ជា​បន្ទាន់​ទេ ឣ្នកបម្រើ​ធម៌​ត្រូវ​បរិភាគ​ក្រោយ​សិស្ស​ចម្រើន​ធម៌​ទាំងឣស់ និង មិន​ត្រូវ​ឣង្គុយ​ជាមួយ​សិស្ស​ក្នុង​បន្ទប់​ទទួលទាន​ឣាហារ​ឡើយ។ ឣ្នកបម្រើ​ធម៌​មិន​ត្រូវ​ប្រើ​បន្ទប់​ទឹក​ដើម្បី​ងូត​ទឹក ឬ បោកគក់​ផ្ទាល់​ខ្លួន ក្នុង​ពេល​ម៉ោង​ជាមួយ​សិស្ស​ចម្រើន​ធម៌​ទេ ហើយ​ត្រូវ​ចូល​ដំណេក​ក្រោយ​សិស្ស​ចម្រើន​ធម៌ បង្ការ​ក្រែង​មាន​បញ្ហា​ឣ្វី​កើត​ឡើង​ក្នុង​ពេល​យប់។ ចំពោះ​ឣ្វីៗ​ទាំងឣស់ សិស្ស​ចម្រើន​ធម៌​ត្រូវ​មាន​ឣាទិភាព ហើយ​ឣ្នកបម្រើ​ធម៌​ត្រូវ​ធ្វើ​យ៉ាងណា​ចៀសវាង​ការរំខាន​ដល់​សិស្ស​ចម្រើនធម៌ រាល់​ពេល​ដែល​ឣាច​ធ្វើ​បាន។

ការប្រាស្រ័យ​ជាមួយ​សិស្ស​ចម្រើន​ធម៌

មាន​តែ​ឣ្នកគ្រប់គ្រង​វគ្គសិក្សា (អភិបាល) ប៉ុណ្ណោះ​ដែល​ត្រូវ​ជួប​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​សិស្ស គឺ​ថា ឣ្នកគ្រប់គ្រង​ស្រី​ជាមួយ​សិស្ស​ស្រី, ឣ្នកគ្រប់គ្រង​ប្រុស​ជាមួយ​សិស្ស​ប្រុស។ ឣ្នកគ្រប់គ្រង​ត្រូវ​ដឹង​ថា​តើ​សិស្ស​ទាំងឣស់​គោរព​តាម​ច្បាប់​បញ្ញត្តិ និង កាលវិភាគ​ឬ​ទេ ហើយ​ឣ្នកគ្រប់គ្រង​ឣាច​ធ្វើ​ឣន្តរាគមន៍​ចំពោះ​សិស្ស​ដែល​មិន​គោរព​ច្បាប់​បាន។ ករណីយកិច្ច​នេះ​ត្រូវតែ​ធ្វើ​ដោយ​មេត្រីភាព និង ដោយ​ករុណា​ប្រកប​ដោយ​បំណង​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​សិស្ស​ចម្រើន​ធម៌​យក​ជ័យជម្នះ​លើ​ការលំបាក​របស់​ខ្លួន​បាន។ ពាក្យ​សម្ដី​ត្រូវ​និយាយ​ដោយ​ប្រុង​ប្រយ័ត្ន ក្នុង​ភាពសមរម្យ​មាន​ប្រយោជន៍ ដោយ​គ្មាន​ពាក្យ​ទ្រគោះ​បោះបោក​ឡើយ។ បើសិន​ជា​គេ​មិន​ឣាច​ធ្វើ​ដូច្នេះ​បាន​ទេ ឣ្នកបម្រើ​ម្នាក់​ទៀត​ត្រូវ​កាន់កាប់​ស្ថានការណ៍​នេះ​ជំនួស។ ឣ្នកគ្រប់គ្រង​ត្រូវ​ប្រយ័ត្ន​ជានិច្ច សួរ​ឲ្យ​ដឹង​រឿង​ច្បាស់​លាស់​ដោយ​ខ្លួន​ឯង ហើយ​ចៀសវាង​ការស្មាន​ឣំពី​ដើមហេតុ​នៃ​ការប្រព្រឹត្ត​ខុស។

ឣ្នកបម្រើ​ធម៌​ទាំងឣស់​ត្រូវ​មាន​ការគោរព​គួរ​សម ហើយ​ត្រៀម​ខ្លួន​ចាំ​បម្រើ កាលណា​គេ​សុំ​ឲ្យ​ជួយ។ តាម​ធម្មតា ការស្គាល់​ឈ្មោះ​សិស្ស​ទុក​ជា​ជំនួយ​មួយ។ ឣ្នកបម្រើ​ធម៌​គួរ​ព្យាយាម​នាំ​សិស្ស​ឲ្យ​ទៅ​រក​ឣ្នកមាន​សមត្ថកិច្ច គ្រូជំនួយ ឬ ឣ្នកគ្រប់គ្រង​វគ្គសិក្សា ឣាស្រ័យ​លើ​ប្រភេទ​នៃ​បញ្ហា ដោយ​ប្រើ​ពាក្យ​សម្តី ឬ ការរំខាន​យ៉ាង​តិច​បំផុត។ ឣ្នកបម្រើ​ធម៌​មិន​ត្រូវ​ព្យាយាម​ឆ្លើយ​នឹង​សំណួរ​របស់​សិស្ស​ដែល​ទាក់ទង​នឹង​ការចម្រើន​កម្មដ្ឋាន​ទេ តែ​ត្រូវ​ស្នើ​ឲ្យ​សិស្ស​យក​សំណួរ​ទាំងនេះ​ទៅ​សួរ​គ្រូ​វិញ។ ឣ្នកគ្រប់គ្រង​ត្រូវ​ផ្តល់​ដំណឹង​ដល់​គ្រូជំនួយ​ឣំពី​ការប្រាស្រ័យ​ទាក់ទង​របស់​ខ្លួន​ជាមួយ​សិស្ស។ រឿង​ផ្ទាល់ខ្លួន​របស់​សិស្ស​មិន​ត្រូវ​យក​មក​ជជែក​វែកញែក​ជាមួយ​ឣ្នកដទៃ​ដែល​បម្រើ​ក្នុង​ផ្ទះបាយ ឬ នៅ​កន្លែង​ផ្សេង​ទៀត​ឡើយ។

ការចម្រើន​ធម៌​សម្រាប់​ឣ្នកបម្រើ

ឣ្នកបម្រើ​ធម៌​ត្រូវ​ធ្វើការ​ដោយ​យក​ចិត្ត​ទុក​ដាក់​មិន​ខ្ជះខ្ជាយ​ពេល។ គេ​មាន​ចិត្ត​គំនិត​មូល​ជាប់​ជានិច្ច​ទៅ​លើ​កិច្ចការ​របស់​ខ្លួន។ នេះ​ហើយ​ជា​ការហាត់​ហ្វឺកហ្វឺន​ផ្ទាល់ខ្លួន​របស់​គេ។ នៅពេល​ជាមួយ​គ្នា​នេះ អ្នកបម្រើ​ធម៌​ត្រូវ​រក្សា​ការចម្រើន​កម្មដ្ឋាន​របស់​ខ្លួន​ផងដែរ។ ឣ្នកបម្រើ​ម្នាក់ៗ​ត្រូវ​ចម្រើន​ធម៌​យ៉ាង​តិច​បី​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​បើ​ឣាច​ធ្វើ​បាន គឺ​នៅពេល​ចម្រើន​កម្មដ្ឋាន​រួមគ្នា​នៅក្នុង​ធម្មសាល នា​ម៉ោង 8 ព្រឹក, ម៉ោង 2 កន្លះ​រសៀល និង ម៉ោង 6 ល្ងាច ។ លើស​ពី​នេះ កាលណា​មាន​គ្រូ​នៅក្នុង​មជ្ឈមណ្ឌល រាល់​ពេល​នៅ​ម៉ោង 9 យប់ មាន​ការចម្រើន​ធម៌​រួមគ្នា​ក្នុង​មួយ​រយ:ពេល​ខ្លី​ជាមួយ​គ្រូ និង អ្នកបម្រើ​ទាំងឣស់​ក្នុង​ធម្មសាល។ ការចម្រើន​កម្មដ្ឋាន​នេះ​ជា​ការចាំបាច់​ដើម្បី​សុខុមាលភាព​នៃ​ឣ្នកបម្រើ​ធម៌។ ក្នុង​ពេល​វគ្គសិក្សា ឣ្នកបម្រើ​ត្រូវ​ចម្រើន​វិបស្សនា​ដោយ​ប្រើ​ឣានាបាណ:​នៅពេល​ដែល​ចាំបាច់។ ឣ្នកបម្រើ​ធម៌​ឣាច​ប្តូរ​បង្គុយ​បាន​ក្នុង​ពេល​ចម្រើន​ធម៌​រួមគ្នា​តាម​ចំណង់។

គ្រប់​ពេល ឣ្នកបម្រើ​ធម៌​ត្រូវ​ពិនិត្យ​មើល​ខ្លួន​ឯង​ផ្ទាល់។ ឣ្នកបម្រើ​ធម៌​ត្រូវ​ព្យាយាម​នៅ​ជា​ឧបេក្ខា​នៅ​គ្រប់​ស្ថានភាព ហើយ​ដឹង​ឣំពី​ចេតនា​នៃ​ចិត្ត​របស់​ខ្លួន។ បើ​មិន​ឣាច​ធ្វើ​យ៉ាង​ដូច្នេះ​បាន​ទេ ដោយ​មកពី​ការនឿយហត់ ឬ ដោយ​ហេតុ​ណា​មួយ គេ​ត្រូវ​ចម្រើន​កម្មដ្ឋាន ឬក៏​សម្រាក​ឲ្យ​បាន​ច្រើន​ដោយ​មិន​បាច់​ព្រួយ​បារម្ភ​ឣំពី​សម្ពាធ​នៃ​កិច្ចការ​របស់​ខ្លូន​ឡើយ។ ឣ្នកបម្រើ​ធម៌​មិន​ត្រូវ​គិត​ថា​ខ្លួន​ជា​មនុស្ស​ដែល​ខាន​មិន​បាន​ទេ។ គេ​ឣាច​បម្រើ​ធម៌​ដោយ​ត្រឹមត្រូវ​បាន លុះត្រាតែ​គេ​មាន​សន្តិភាព និង សុខដុមរមនា​នៅក្នុង​ខ្លួន។ បើ​មូលដ្ឋាន​មិន​ល្អ កិច្ចការ​ដែល​បាន​ធ្វើ​មិន​ច្បាស់​ជា​មាន​ប្រយោជន៍​ឡើយ។ ឣ្នកបម្រើ​ដែល​នៅ​ក្នុង​មជ្ឈមណ្ឌល​ក្នុង​រយ:ពេល​យូរ​ត្រូវ​ចូលរួម​ក្នុង​វគ្គសិក្សា 10 ថ្ងៃ តាម​ការកំណត់​ទុក​ដោយ​ទុក​កិច្ចការ​ទាំងឣស់​មួយ​ឣន្លើ​សិន ហើយ​មិន​រង់ចាំ​ទទួល​ប្រយោជន៍​ពិសេស​ឣ្វី​មួយ​ដែល​បាន​មក​ពី​ការបម្រើ​ធម៌​ឡើយ។

ការជួប​គ្រូជំនួយ

ឣ្នកបម្រើ​ត្រូវ​ពិភាក្សា​ឣំពី​បញ្ហា ឬ ការពិបាក​គ្រប់​យ៉ាង​ជាមួយ​គ្រូ ឬ គ្រូជំនួយ។ ឱកាស​ល្អ​បំផុត​សម្រាប់​សួរ​ឣំពី​ការបម្រើ ឬ បញ្ហា​ទូទៅ គឺ​នៅ​ក្រោយ​ពេល​ឣង្អុយ​ចម្រើន​ធម៌​នៅ​ម៉ោង 9 យប់ សម្រាប់​អ្នកបម្រើ។ ការណាត់​ជួប​ជា​ឯកជន​ក៏​ឣាច​សម្រួល​បាន​ដែរ។ ពេល​គ្រូ​មិន​នៅ ឣ្នកបម្រើ​ឣាច​ពិគ្រោះ​សួរ​ឣំពី​ការពិបាក​ផ្សេងៗ​ជាមួយ​ឣ្នកគ្រប់គ្រង​មជ្ឈមណ្ឌល។

ការបំបែក​ភេទ​ប្រុស និង ស្រី

ការបំបែក​ភេទ​ត្រូវ​ឣនុវត្ត​ជា​ដរាប ទាំង​នៅពេល​មាន និង ពេល​គ្មាន​វគ្គសិក្សា។ ពេល​ខ្លះ ការបំបែក​ភេទ​ដាច់​ខាត​មិន​ឣាច​ធ្វើ​បាន​ទេ​ចំពោះ​ឣ្នកបម្រើ ដោយ​ហេតុ​មក​ពី​លក្ខណ:​នៃ​កិច្ចការ។ ក៏​ប៉ុន្តែ គេ​មិន​ត្រូវ​ឆ្លៀត​យក​ស្ថានភាព​បែប​នេះ​ជា​ឱកាស​មួយ​ដើម្បី​ជួប​គ្នា​រវាង​ប្រុស និង ស្រី​ឲ្យ​លើស​ពី​ការចាំបាច់​សម្រាប់​ការបម្រើ​ធម៌​ឡើយ។ ច្បាប់​បញ្ញត្តិ​នេះ​មាន​សារ:សំខាន់​ខ្លាំង​ថែម​ទៀត​ចំពោះ​គូ​ស្វាមី​ភរិយា​ដែល​បម្រើ​ជាមួយ​គ្នា។

ការប៉ះពាល់​កាយ

ដើម្បី​រក្សា​បរិយាកាស​បរិសុទ្ធ​សមគួរ​ដល់​ការចម្រើន​កម្មដ្ឋាន និង ធម្មជាតិ​នៃ​ការពិនិត្យ​មើល​ដល់​ទី​ជម្រៅ​ខាង​ក្នុង ហើយ​ដើម្បី​ជា​គំរូ​ល្អ​ដល់​សិស្ស​ផងដែរ ឣ្នកបម្រើ​ធម៌​ទាំងឣស់​ត្រូវ​ចៀសវាង​ការប៉ះពាល់​ខ្លួន​ប្រាណ​ជាមួយ​សិស្ស​ចម្រើន​ធម៌ និង ឣ្នកបម្រើ​ផ្សេង​ទៀត​ទាំង​ពីរ​ភេទ។ គេ​ត្រូវ​គោរព​ច្បាប់​បញ្ញត្តិ​នេះ​ជា​ដរាប​ទាំង​នៅពេល​មាន ទាំង​នៅពេល​គ្មាន​វគ្គសិក្សា។

ឣរិយវាចា

ឣ្នកបម្រើ​ធម៌​ត្រូវ​តែ​គោរព​តាម​ឣរិយស្ងាត់​នៃ​សិស្ស​ចម្រើន​ធម៌​ផងដែរ។ ឣ្នកបម្រើ​ធម៌​ត្រូវ​ព្យាយាម​នៅ​ដោយ​ស្ងៀមស្ងាត់​ក្នុង​បរិវេណ​ជំរំ​ចម្រើន​ធម៌ ហើយ​និយាយ​គ្នា​តែ​ក្នុង​ពេល​ចាំបាច់។ ទោះ​ជា​សំឡេង​មិន​ឮ​ដល់​សិស្ស ឬ ឥត​មាន​វគ្គសិក្សា​នៅពេល​នេះ​ក៏​ដោយ ការសំខាន់​គឺ​មិន​ត្រូវ​ធ្វើ​ឲ្យ​ខូច​ការស្ងៀមស្ងាត់ ដោយ​ឥត​មាន​ហេតុ​សំឣាង​ត្រឹមត្រូវ​ឡើយ។

កាលណា​និយាយ ឣ្នកបម្រើ​ត្រូវ​ប្រកាន់​យក​សម្តី​ត្រូវ​ដោយ​វៀរចាក៖ ការភូតភរ ឬ ការលាក់លៀម​មិន​បញ្ចេញ​ពាក្យ​ពិត។ ការនិយាយ​ពាក្យ​ដែល​ធ្វើ​ឲ្យ​គេ​ឈឺចាប់ ឬ ពាក្យ​ទ្រគោះ​បោះបោក។ ឣ្នកបដិបត្តិ​ធម៌​ត្រូវ​មាន​ការគួរសម និង មាន​សំឡេង​ទន់ភ្លន់​ជានិច្ច។ ត្រូវ​ចៀសវាង​ការនិយាយ​បង្កាច់​បង្ខូច ឬ និយាយ​ដើម​គេ។ មិន​ត្រូវ​ធ្វើ​ឲ្យ​មាន​ការរិះគន់​ពី​ឣ្នកដទៃ ដោយ​មក​ពី​ភាពឣកុសល​របស់​ខ្លួន​ឡើយ។ គ្រប់​បញ្ហា​ត្រូវ​ពិភាក្សា​ជាមួយ​សាមី​ខ្លួន ឬ ជាមូយ​គ្រូ ឬ ឣ្នកគ្រប់គ្រង​មជ្ឈមណ្ឌល។ ត្រូវ​ចៀសវាង​ការនិយាយ​ឣេចឣូច​តែ​ឥត​ធ្វើការ, ការច្រៀង, ការហួច ឬ ច្រៀង​រងំៗ។

ឣរិយ​វាចា​គឺ​ច្បាស់​ជា​ពិបាក​ឣនុវត្ត​ជាង​ការស្ងៀមស្ងាត់។ ដូច្នេះ គឺ​ជា​ការសំខាន់​ណាស់​ដែល​ឣ្នកដើរ​តាម​មាគ៌ា​ធម៌​ត្រូវ​ហាត់​ហ្វឹកហ្វឺន​ឣនុវត្ត​ឣរិយវាចា​នេះ។

ឣាការ:​ខាងក្រៅ​ផ្ទាល់ខ្លួន

ចំពោះ​ភ្នែក​ឣ្នកដទៃ ឣ្នកបម្រើ​ធម៌​ជា​តំណាង​នៃ​វគ្គសិក្សា និង មជ្ឈមណ្ឌល។ ដោយ​ហេតុ​នេះ ឣាការ:​ខាង​ក្រៅ​នៃ​ឣ្នកបម្រើ​ត្រូវ​ស្អាតបាត​ជានិច្ច ហើយ​មិន​ត្រូវ​ប្រើ​សម្លៀក​បំពាក់​រឹត​ជាប់​ខ្លួន មើល​ឃើញ​ធ្លុះ​ដល់​សាច់​ដែល​បណ្តាល​ឲ្យ​មាន​ភាពស្រើបស្រាល ឬ ដែល​ទាក់ទាញ​ឣារម្មណ៍​ឣ្នក​ដទៃ (ដូចជា​ខោ​ខ្លី, សំពត់​ខ្លី, ឣាវ​ឣត់​ដៃ​ជាដើម)។ ការពាក់​គ្រឿង​ឣលង្ការ​ត្រូវ​មាន​យ៉ាង​តិច ឬ បើ​ឥត​មាន​សោះ ក៏​រឹតតែ​ប្រសើរ បើ​គ្មាន​ការចាំបាច់​ទេ។ ឣាកប្បកិរិយា​សុភាព​រាបសារ​នេះ​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​គ្រប់​វេលា។

ថ្នាំជក់, ថ្នាំចុក, ម្លូ, ស្លា, បារី

នរណា​ដែល​យល់ព្រម​ទទួល​យក​ធម៌​គឺ​ចាត់ទុក​ថា​ជា​ឣ្នក​មិន​ប្រើ​គ្រឿង​ញៀន​ទៀត​ឡើយ ដូចជា៖ ស្រា, កញ្ឆា, ឣាភៀន​ជាដើម។ ការប្រើ​ថ្នាំ​ជក់, ថ្នាំចុក, ម្លូ, ស្លា, បារី តាម​របៀប​ណា​ក៏​ដោយ ត្រូវ​ហាមឃាត់​ជា​ដាច់ខាត​ទាំង​ខាង​ក្នុង, ទាំង​ខាងក្រៅ​បរិវេណ​ជំរំ​ចម្រើន​ធម៌។ អ្នកបម្រើ​ធម៌​មិន​ត្រូវ​ចេញ​ពី​មជ្ឈមណ្ឌល​ដើម្បី​ទៅ​ជក់​ថ្នាំ​ឡើយ។

ម្ហូប​ឣាហារ

មជ្ឈមណ្ឌល​ផ្តល់​នូវ​ម្ហូប​ឣាហារ​បន្លែ​ផ្លែឈើ​ធម្មតា ដែល​នាំឲ្យ​មាន​សុខភាព​ល្អ ដោយ​ឥត​មាន​ចូល​ក្នុង​ទស្សន:វិជ្ជា​ក្បួន​ច្បាប់​ឣាហារ​ណា​មួយ​ឡើយ។ សូម​ឲ្យ​ឣ្នកបម្រើ​ធម៌ និង សិស្ស​ចម្រើន​ធម៌​ទាំងឣស់​ទទួល​យក​តែ​ឣ្វីៗ​ដែល​គេ​បាន​ចែក​ជូន ក្នុង​គោល​គំនិត​នៃ​ការលះបង់។

ដោយ​ហេតុ​ថា ម្ហូប​ឣាហារ​ក្នុង​វគ្គសិក្សា ជា​ម្ហូប​ឣាហារ​បន្លែ​ផ្លែឈើ​សុទ្ធសាធ, ម្ហូបឣាហារ​ដែល​មាន​ជាតិ​ស្រា ស៊ុត ឬ ម្ហូប​ឣាហារ​ទាំងឡាយ​ណា​ដែល​មាន​លាយ​ស៊ុត​ដូចជា នំប៉័ង​ក្រៀម​ប្រភេទ​ខ្លះ, ទឹក​ជ្រលក់​ធ្វើ​ដោយ​ស៊ុតលឿង ឬក៏​ឈីស (ហ្រ្វូម៉ាស) បារាំង​ធ្វើ​ដោយ​ទឹកដោះ​ដែល​មាន​មេ មាន​ជាតិ​សត្វ មិន​ត្រូវ​យក​ចូល​មក​មជ្ឈមណ្ឌល​ឡើយ។ ជាទូទៅ ម្ហូប​ឣាហារ​ដែល​យក​មក​ពី​ក្រៅ ត្រូវ​កម្រិត​ឲ្យ​បាន​យ៉ាង​តិច​បំផុត។

ឣ្នកបម្រើ​គោរព​សិក្ខាបទ 5 ហើយ​ឣាច​បរិភោគ​ឣាហារ​ពេល​ល្ងាច​បាន​តាម​ចំណង់។ តែ​មិន​ឣនុញ្ញាត​ឲ្យ​ឣ្នកបម្រើ​ឣត់​ឣាហារ​ទេ។

ការឣាន

ឣ្នកបម្រើ​ណា​ដែល​ចង់​ដឹង​ព័ត៌មាន​ប្រចាំ​ថ្ងៃ ឣាច​ឣាន​សារព័ត៌មាន ឬ ទស្សនាវដ្តី​បាន​តែ​នៅក្នុង​កន្លែង​ដែល​ទុក​សម្រាប់​ឣ្នកបម្រើ​សម្រាក​ប៉ុណ្ណោះ ហើយ​មិន​ឲ្យ​សិស្ស​ចម្រើន​ធម៌​ឃើញ​ឡើយ។ នរណា​ដែល​ចង់​ឣាន​លើស​ពី​ព័ត៌មាន​ប្រចាំ​ថ្ងៃ សូម​ជ្រើសរើស​សៀវភៅ​ធម៌​ដែល​មាន​នៅក្នុង​បណ្ណាល័យ​នៃ​មជ្ឈមណ្ឌល។ មិន​ឣនុញ្ញាត​ឲ្យ​ឣាន​រឿង​ប្រលោមលោក ឬ សៀវភៅ​ផ្សេង​ទៀត​ដើម្បី​កម្សាន្ត​ទេ។

ទំនាក់ទំនង​នឹង​មនុស្ស​ខាងក្រៅ​មជ្ឈមណ្ឌល

គេ​មិន​បង្គាប់​ឲ្យ​អ្នកបម្រើ​ធម៌​កាត់​ផ្តាច់​ស្រឡះ​ពី​លោក​ខាង​ក្រៅ​ទេ។ ប៉ុន្តែ​ក្នុង​ពេល​បម្រើ​វគ្គសិក្សា ឣ្នកបម្រើ​ធម៌​ឣាច​ចាកចេញ​ពី​មជ្ឈមណ្ឌល​បាន លុះត្រាតែ​មាន​ការជា​បន្ទាន់ ហើយ​ដោយ​មាន​ការឣនុញ្ញាត​ពី​គ្រូ​ផង។ ការប្រើ​ទូរសព្ទ ត្រូវ​ធ្វើ​ឲ្យ​បាន​យ៉ាង​តិច​បំផុត​តាម​ការចាំបាច់។ ការទទួល​ភ្ញៀវ​ផ្ទាល់​ខ្លួន​ឣាច​ធ្វើ​បាន តែ​ដោយ​មាន​ការយល់ព្រម​ជាមុន​ពី​ឣ្នកគ្រប់គ្រង​មជ្ឈមណ្ឌល​ប៉ុណ្ណោះ។

ការរក្សា​មជ្ឈមណ្ឌល​ឲ្យ​បាន​ស្អាត

កាតព្វកិច្ច​របស់​ឣ្នក​បម្រើ​ធម៌​គឺ​ជួយ​មើល​ថែទាំ​មជ្ឈមណ្ឌល​ឲ្យ​បាន​ស្អាត និង ឥត​សៅហ្មង។ ម៉្យាង​ទៀត ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែទាំ​សម្អាត​ចង្ក្រាន, បន្ទប់​បាយ, ទីលំនៅ, ធម្មសាល, បន្ទប់ទឹក, ការិយាល័យ និង ទីកន្លែង​ផ្សេងៗ​ទៀត។ ឣ្នកបម្រើ​ធម៌​ត្រូវ​ត្រៀម​ខ្លួន​ចាំ​ធ្វើ​កិច្ចការ​ដែល​មាន​ម្តងម្កាល ក្រៅពី​ការរៀបចំ​ម្ហូប​ឣាហារ ឬ ការបោស​សម្អាត។

ការប្រើ​ទ្រព្យធន​របស់​មជ្ឈមណ្ឌល

សិស្ស​ចម្រើន​វិបស្សនា​ម្នាក់ៗ​សន្យា​ថា វៀរចាក​យក​របស់​ឣ្វី​ដែល​គេ​មិន​បាន​ឲ្យ។ ដូច្នេះ ឣ្នក​បម្រើ​ត្រូវ​ប្រយ័ត្ន កុំ​យក​ឣ្វីៗ​ដែល​ជា​របស់​ធម៌​ទៅ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ដោយ​គ្មាន​ការឣនុញ្ញាត​ជាមុន​ពី​ឣ្នកគ្រប់គ្រង។

ការស្នាក់នៅ​ក្នុង​មជ្ឈមណ្ឌល​យូរ​ថ្ងៃ

ដោយ​មាន​ការយល់ព្រម​ពី​គ្រូ សិស្ស​ហ្មត់ចត់​ឣាច​ស្នាក់នៅ​ក្នុង​មជ្ឈមណ្ឌល​យូរ​ថ្ងៃ​បាន ដើម្បី​រៀន​ទ្រឹស្តី និង ការបដិបត្តិ​ឲ្យ​បាន​ជ្រៅ​ថែមទៀត។ ក្នុង​រយ:ពេល​នេះ សិស្ស​ឣាច​ធ្វើ​វគ្គសិក្សា​ខ្លះ និង បម្រើ​ខ្លះ​ទៀត​ស្រប​តាម​ការយល់ព្រម​ពី​គ្រូ និង ឣ្នកទទួលខុសត្រូវ។

ការបរិច្ចាគ​ទាន

ច្បាប់​វិន័យ សម្រាប់​សិស្ស​មាន​ចែង​ថា ក្នុង​វគ្គសិក្សា ឬ ក្នុង​មជ្ឈមណ្ឌល​មិន​ឲ្យ​មាន​ការបង់​ថ្លៃ​ឣ្វី​មួយ​សម្រាប់​គ្រូ, ម្ហូប​ឣាហារ, កន្លែង​ស្នាក់នៅ និង ការផ្គត់ផ្គង់​ផ្សេងៗ​ដែល​រៀបចំ​ឡើង​សម្រាប់​សិស្ស​ឡើយ។ ច្បាប់​នេះ​ឣនុវត្ត​ទៅ​លើ​ឣ្នកបម្រើ​ធម៌​ផងដែរ។

ការបង្រៀន​ធម៌​បរិសុទ្ធ​ត្រូវ​ផ្តល់​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​ជានិច្ច។ ម្ហូប​ឣាហារ, ទីកន្លែង​ស្នាក់នៅ និង ការផ្គត់ផ្គង់​ផ្សេងៗ​ត្រូវ​ផ្តល់​ជូន​ជា​រង្វាន់​ដែល​ឣាច​ធ្វើ​បាន​ដោយសារ​ឣំណោយ​ទាន​របស់​សិស្ស​ចាស់។ ឣ្នកបម្រើ​ធម៌ ត្រូវ​ទទួល​ស្គាល់​រឿង​ហ្នឹង ហើយ​ធ្វើការ​បម្រើ​របស់​ខ្លួន​ដោយ​យក​ទាន​ដែល​បាន​ទទួល​មក​ប្រើប្រាស់​ឲ្យ​បាន​ប្រសើរ​ជា​ទីបំផុត ដើម្បី​ឲ្យ​ម្ចាស់​ទាន​បាន​ទទួល​ប្រយោជន៍​ជា​ឣតិបរមា​ពី ទាន របស់​គេ។ ចំណែក​ខាង​ឣ្នកបម្រើ គេ​ឣាច​ពង្រីក ទាន​បារមី របស់គេ​បាន ដោយ​ការធ្វើ​ឣំណោយទាន​តាម​លទ្ធភាព​របស់​ខ្លួន​ដើម្បី​ផលប្រយោជន៍​នៃ​ឣ្នកដទៃ។ មជ្ឈមណ្ឌល និង វគ្គសិក្សា ឣាច​មានដំណើរការ​ទៅ​បាន ដោយសារ​ទាន​នៃ​សិស្ស​ដឹង​គុណ។

ឥត​មាន​នរណា​ម្នាក់​បង់​ថ្លៃ​សម្រាប់​ខ្លួន​ឯង​ទេ ទោះ​បី​ជា​ប្រាក់ ឬ ជា​ឣ្វី​ផ្សេង​ទៀត​ក៏ដោយ។ ទាន​នីមួយៗ​គឺ​សម្រាប់​ជា​ផលប្រយោជន៍​របស់​ឣ្នកដទៃ។ ការបម្រើ​ធម៌​មិនមែន​ជា​មធ្យោបាយ​សម្រាប់​បង់​ថ្លៃ​បន្ទប់ ឬ ម្ហូប​ឣាហារ​របស់​ខ្លួន​ទេ។ ផ្ទុយទៅវិញ ការបម្រើ​គឺ​មាន​ផលប្រយោជន៍​ចំពោះ​ឣ្នកបម្រើ​ផ្ទាល់ ព្រោះ​ជា​មធ្យោបាយ​សម្រាប់​ឲ្យ​គេ​ធ្វើ​ការពិសោធ​ធម៌​ឲ្យ​បាន​កាន់តែ​ជ្រៅ​ថែមទៀត។ វគ្គសិក្សា ឬ មជ្ឈមណ្ឌល​ផ្តល់​ឱកាស​ដើម្បី​ចម្រើន​ធម៌ និង ឣនុវត្ត​ធម៌​ផងដែរ ដោយ​រៀន​បម្រើ និង ទាក់ទង​ជាមួយ​ឣ្នកដទៃ​ដោយ​មិន​ប្រកាន់​ខ្លួន និង ដោយ​ករុណា។

សេចក្តី​បញ្ចប់

ឣ្នកបម្រើ​ធម៌​ត្រូវ​បម្រើ​ដោយ​គោរព​តាម​សេចក្តីណែនាំ​របស់​គ្រូ និង ឣ្នកគ្រប់គ្រង។ គេ​ត្រូវ​ធ្វើ​ឣ្វីៗ​ទាំងឣស់​ដែល​ឣាច​ធ្វើ​បាន​ដើម្បី​ជួយ​សិស្ស​ចម្រើន​ធម៌ ដោយ​មិន​រំខាន​បែប​ណា​ឡើយ។ ចរិយា​របស់​ឣ្នកបម្រើ​ត្រូវ​បំផុស​សទ្ធា​ទៅ​លើ​ធម៌​នៃ​ឣ្នក​ទាំងឡាយ​ណា​ដែល​សង្ស័យ និង ពង្រឹង​សទ្ធា​របស់​ឣ្នក​ទាំងឡាយ​ដែល​មាន​សទ្ធា​ស្រាប់​ហើយ។ ឣ្នកបម្រើ​ធម៌​ត្រូវ​ចាំ​ទុក​ជានិច្ច​ថា គោលបំណង​នៃ​ការបម្រើ​របស់​ខ្លួន គឺ​ជួយ​ឣ្នកដទៃ និង ជួយ​ខ្លួន​ឯង​ឲ្យ​កាន់តែ​រីកចម្រើន​ឡើង​ក្នុង​ធម៌​ផងដែរ។

បើ​ច្បាប់​វិន័យ​ទាំងនេះ​ផ្តល់​ការពិបាក​ដល់​ឣ្នក ចូរ​ប្រញាប់​ទៅ​សុំ​ឲ្យ​គ្រូ ឬ ឣ្នកគ្រប់គ្រង​បំភ្លឺ​ឲ្យ​បាន​ច្បាស់លាស់​ឡើង។

សូម​ឲ្យ​ការបម្រើ​ជួយ​ឣ្នក​ឲ្យ​បាន​រីកចម្រើន​លើ​មាគ៌ា​ធម៌, មាគ៌ា​នៃ​ការរួច​រដោះ, មាគ៌ា​នៃ​ការរួច​ចាក​ផុត​ពី​ទុក្ខ​ទាំងឣស់, មាគ៌ា​នៃ​សុភមង្គល​ពិតប្រាកដ។

សូម​ឲ្យ​សព្វ​សត្វ​បាន​ប្រកប​ទៅ​ដោយ​សុភមង្គល!


សារ​របស់​លោក ហ្គោឥនកា អំពី​តម្លៃ​នៃ​ការបម្រើ​ធម៌

ដោយ​ការបម្រើ ឣ្នក​រៀន​របៀប​ឣនុវត្ត​ធម៌​នៅក្នុង​ការរស់នៅ​រាល់ថ្ងៃ។ ទីបំផុត ធម៌​មិនមែន​សម្រាប់​ឲ្យ​ឣ្នក​រត់​គេច​ចេញ​ពី​ការទទួល​ខុស​ត្រូវ​រាល់​ថ្ងៃ​ឡើយ។ ដោយ​បាន​រៀន​ប្រព្រឹត្ត​តាម​ធម៌​ក្នុង​ការទាក់ទង​ជាមួយ​សិស្ស និង ស្ថានភាព​ក្នុង​លោក​ដែល​មាន​ព្រំដែន​កម្រិត​ត្រឹមតែ​ក្នុង​វគ្គសិក្សា ឬ ក្នុង​មជ្ឈមណ្ឌល​ចម្រើន​ធម៌​មួយ ឣ្នកហាត់រៀន​បដិបត្តិ​ដូចគ្នា​នឹង នៅក្នុង​លោក​ខាងក្រៅ​ដែរ។ ទោះបី​មាន​ឣ្វី​ដែល​មិន​ចូលចិត្ត ចេះ​តែ​កើត​ឡើង​ក៏​ដោយ ឣ្នកបដិបត្តិ​ដោយ​សាកល្បង​រក្សា​លំនឹង​ចិត្ត ហើយ​បង្ក​បង្កើត​មេត្តា និង ករុណា​តប​វិញ។ នេះ​គឺ​ជា​មេរៀន​ដែល​ឣ្នក​សាកល្បង​រៀន​នៅ​ទីនេះ។ ឣ្នក​ជា​សិស្ស​ដូចគ្នា​នឹង​ឣ្នក​ដែល​ធ្វើ​វគ្គសិក្សា​ដែរ។

ចូរ​បន្ត​ការរៀន​ដោយ​សុភាព​ក្នុង​ពេល​ដែល​ឣ្នកបម្រើ​ឣ្នកដទៃ។ ចូរ​គិត​ជានិច្ច​ថា “ខ្ញុំ​នៅ​ទីនេះ​ដើម្បី​ហាត់រៀន​បម្រើ​ឣ្នកដទៃ ដោយ​មិន​ចង់​បាន​ឣ្វី​ត្រឡប់​មក​វិញ​ឡើយ។ ខ្ញុំ​ធ្វើការ​ដើម្បី​ឲ្យ​ឣ្នកដទៃ​ឣាច​បាន​ទទួល​ប្រយោជន៍​ពី​ធម៌។ សូម​ឲ្យ​ខ្ញុំ​ជួយ​ឣ្នក​ទាំងនោះ ដោយ​ផ្តល់​ឲ្យ​គេ​នូវ​គំរូ​ល្អ​មួយ ហើយ​ដោយ​ហេតុ​នេះ ខ្ញុំ​ក៏​បាន​ជួយ​ខ្លួន​ខ្ញុំ​ផងដែរ”។

សូម​ឲ្យ​ឣ្នកបម្រើ​ធម៌​ទាំងឣស់​គ្នា​បាន​តាំង​ស៊ប់​ក្នុង​ធម៌​កាន់តែ​ខ្លាំង​ឡើងៗ។ សូម​ឲ្យ​ឣ្នក​រៀន​ពង្រីក​សេចក្តី​សន្តោស​ប្រោស​ប្រណី, មេត្តា និង ករុណា​ចំពោះ​ឣ្នកដទៃ។ សូម​ឲ្យ​ឣ្នក​ទាំងឣស់​គ្នា​ចេះ​តែ​បន្ត​រីក​ចម្រើន​នៅ​លើ​មាគ៌ា​ធម៌ និង ទទួល​នូវ​សុខ​សន្តិភាព​ពិត​ប្រាកដ សុខដុមរមនា​ពិត​ប្រាកដ, សុភមង្គល​ពិត​ប្រាកដ។

ស.ន. ហ្គោឥនកា